រាជរដ្ឋាភិបាលកម្ពុជា នឹងបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀត ជំនួសច្រកទ្វារអន្តរជាតិប៉ោយប៉ែត


បន្ទាយមានជ័យ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩  រាជរដ្ឋាភិបាលកម្ពុជា នឹងបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីមួយទៀតជំនួសច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គឺច្រកស្ទឹងបត់បានណងអៀន ដើម្បីសម្រួល់ការដឹកជញ្ជូនទំនិញ ការធ្វើ​ពាណិជ្ជកម្ម និងទេសចរណ៍ ខណៈច្រកទ្វារប៉ោយប៉ែត កំពុងមានការកកស្ទះខ្លាំង។

ឯកឧត្តម ស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ថា ការសាងសង់​អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិ​លេខ៥​វិញ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្ប​ទានពីរាជរដ្ឋាភិបាលថៃប្រមាណ២៦.៤២លានដុល្លារអាម៉េរិក សម្រាប់សាងសង់អគារច្រក ទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញ ឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ» ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយ គ្រោះទឹកជំនន់។ ឯកឧត្តមបានបន្ដថា ច្រកទ្វារអន្តរជាតិថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការ ដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្ម រីឯច្រកទ្វារប៉ោយប៉ែត សម្រាប់ការឆ្លងកាត់បែប​ទេស​​ចរណ៍តែប៉ុណ្ណោះ។

ឯកឧត្តមបន្តទៀតថា ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះ​តទៅ។ ឯកឧត្តមបានបន្ថែមថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណង​អៀន​ថ្មី​នេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លង​កាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា​ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាន​ណង​អៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើឡើងខណៈដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញ​ប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមាញឹកយ៉ាងខ្លាំង ហើយពេលខ្លះ​មានការកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោងទៀតផង។ ទន្ទឹមនេះ ការកកស្ទះនៅច្រកនាំចេញ នាំចូលទំនិញជាកត្តាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាការឆ្លើយតបយ៉ាងប្រាកដទៅនឹងភាព​មមាញឹក​នៃចរាចរណ៍ដឹកជញ្ជូន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា នោះឡើយ តែថែមទាំងដល់ប្រជាពលរដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាន​ណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការរួច តំបន់ប៉ោយប៉ែត នឹង​ប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និង​ជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕