រាជរដ្ឋាភិបាលកម្ពុជាសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះរដ្ឋាភិបាល និងប្រជាជន ស្រីលង្កា ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែក


ភ្នំពេញ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩  រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន​សម្តែង នូវ​សមានទុក្ខដ៏ក្រៀមក្រំចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជន រងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែកដ៏គួរឱ្យស្អប់ខ្ពើម និងរន្ធត់លើវិហារគ្រីស្តសាសនា និងសណ្ឋាគារ នៅប្រទេស ស្រីលង្កា កាលពីថ្ងៃទី ២១ ខែ មេសាឆ្នាំ២០១៩កន្លងមក។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និង​ សហប្រតិបត្តិការអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅ ថ្ងៃទី ២២ ខែមេសា​ ឆ្នាំ ២០១៩នេះ បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជាថ្កោលទោសយ៉ាង​ខ្លាំងក្លាចំពោះអំពើហិង្សាដ៏សាហាវឃោរឃៅនេះ ហើយទង្វើបង្កឱ្យមានការភ័យ​ ខ្លាច និង ជ្រុលនិយមដ៏គួរឱ្យស្អប់ខ្ពើមនេះ នឹងមិនត្រូវអត់ឱនឱ្យជាដាច់ខាត។ សេចក្ដីថ្លែងការណ៍បន្ដថា ព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជ្រុលនិយម​តាម​គ្រប់ទម្រង់ និងរូបភាព។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានជំហរសាមគ្គីភាពជាមួយរដ្ឋាភិ​បាល និងប្រជាជនស្រីលង្កា នៅក្នុងគ្រាដ៏លំបាកនេះ និងសូមបួងសួងឱ្យអ្នករងរបួសទាំងអស់ បានជាសះស្បើយឆាប់រហ័សឡើងវិញ៕