នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។

លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឱ្យ Fresh News ដឹងថា និស្សិតជយលាភីដែលទទួលសញ្ញាបត្រពី សម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ១,៩១៩នាក់ នារី ១,០៨២នាក់, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣៥៥នាក់ នារី១១២នាក់ និងថ្នាក់បណ្ឌិត៤នាក់។ ក្នុងចំណោមនិស្សិតជយលាភី និស្សិតថ្នាក់បរិញ្ញាបត្រ២រូប និងនិស្សិតថ្នាក់បណ្ឌិត១រូប បានទទួលសញ្ញាបត្រទ្វេពីសាកលវិទ្យាល័យណង់ និង សាលាពាណិជ្ជសាស្ត្រអន្តរជាតិណាន់ស៊ី ប្រទេសបារាំង។ និស្សិតជយលាភីថ្នាក់បរិញ្ញាបត្រចំនួន ៨៥.៦ភាគរយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩១.៨៣ភាគរយ និងថ្នាក់បណ្ឌិត១០០ ភាគរយកំពុងមានការងារធ្វើរៀងៗខ្លួន។

សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យរបស់រដ្ឋ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កម្ពុជាយ៉ាងសកម្ម។

ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំសិក្សា ២០១៧-២០១៨ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួនសរុប ៤៩,៩១៥នាក់ នារី ២១,៧២០នាក់។ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន ៦,៤៤៧នាក់ នារី ២,៤០៣នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន ៤៣,៤៦៨នាក់ នារី ១៩,៣១៧នាក់។

បច្ចុប្បន្នអតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។ បច្ចុប្បន្ននិស្សិតកំពុងទទួលការបណ្តុះបណ្តាលក្នុងសាកលវិទ្យាល័យមានចំនួនសរុប ១១,១៥២នាក់ នារី ៦,០៩២នាក់។

យោងតាមការបញ្ជាក់របស់លោកសាកលវិទ្យាធិការ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំផែនការយុទ្ធសាស្រ្តជំហានទី២ (២០១៩-២០២៣) ដោយផ្តោតសំខាន់លើគោលដៅអភិវឌ្ឍជាយុទ្ធសាស្រ្តរួមមាន៖ (១) ពង្រឹងគុណភាពបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារពលកម្ម (២) លើកកម្ពស់សកម្មភាព សិក្សាស្រាវជ្រាវ នវានុវត្តន៍ និងបោះពុម្ភផ្សាយ (៣) ពង្រឹងនិងពង្រីក កិច្សហប្រតិបត្តការ និងភាពជាដៃគូ និង(៤)លើកកម្ពស់អភិបាលកិច្ចល្អ។

សាកលវិទ្យាល័យបានរៀបចំកែសម្រួលកម្មវិធីសិក្សាឲ្យមានភាពឆ្លើយតបពេញលេញជាមួយស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗ ជាកម្មវិធីពិសេសស្របតាមស្តង់ដាពិភពលោក សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមានសញ្ញាបត្រទ្វេ ជាមួយសាកលវិទ្យាល័យ ដៃគូដែលសិក្សាជាភាសាអង់គ្លេស។

ទន្ទឹមនេះសាកលវិទ្យាល័យបានជួសជុលកែលម្អអគារសិក្សាទាំងអស់ ឱ្យបានល្អប្រសើរឡើងវិញ ក្នុងនោះរួមមានអគារសិក្សា ៥ខ្នង និងអគារបណ្ណាល័យសម្តេច ហ៊ុន សែន ដោយបានបំពាក់សម្ភារៈរូបវន្ត និងបរិក្ខារក្នុងថ្នាក់បម្រើឱ្យការរៀន និងការបង្រៀន បានបង្កើតបន្ទប់ពិសោធន៍បណ្តុះសហគ្រិនភាព បន្ទប់ពិសោធន៍ហ្វឹកហាត់អនុវត្តភាសារបរទេស បន្ទប់ពិសោធន៍អនុវត្តកុំព្យូទ័រ ព័ត៌មានវិទ្យា និងបានរៀបចំសួនលេងកីឡា សួនស្វ័យសិក្សាធម្មជាតិ និងអាហារដ្ឋានស្តង់ដា ដោយប្រើប្រាស់ថវិកាសន្សំបានពីការបង់ថ្លៃសិក្សារបស់និស្សិត។

សាកលវិទ្យាល័យក៏បានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យដៃគូជាច្រើន ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យ លើការសិក្សា ការបង្រៀន និងការស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ៕