ខេត្តរតនគិរី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦– សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រទេសចិន និងប្រទេសវៀតណាម នឹងទិញអង្ករពីកម្ពុជា ប្រមាណ៥០ម៉ឺនតោន ខណៈដែលឆ្នាំនេះកម្ពុជា នឹងសល់ស្រូវប្រមាណជា ៥លានតោននោះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ ៧៦ពីសែនមនោរម្យ ខេត្តមណ្ឌលគិរី មកកាន់តាអង ខេត្តរតនគិរី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចតេជោថ្លែងថា ទោះបីជាប្រទេសចិនមានផ្ទៃដីកសិកម្មតូច និងមានប្រជាពលរដ្ឋរហូតដល់ទៅជិត ១៤០០លាននាក់ តែប្រទេសចិនមិនមែនជាប្រទេសដែលខ្វះអង្ករនោះទេ ប៉ុន្តែប្រទេសចិនមានការយោគយល់ ជួយទិញអង្ករពីកម្ពុជា ដែលពីមុនបញ្ជាទិញត្រឹមតែ ១០ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវបានកើនឡើង ដល់២០ ម៉ឺនតោន។
ចំណែកឯប្រទេសវៀតណាមវិញក៏បានបញ្ជាទិញអង្ករពីកម្ពុជា ចំនួន៣០ ម៉ឺនតោន ផងដែរដោយ មិនត្រូវបង់ពន្ធ។
សម្ដេចតេជោ បានណែនាំឱ្យ បណ្ដាអ្នកវិនិយោគទាំងអស់ នាំចេញអង្ករដែលសុទ្ធល្អ ទៅប្រទេសចិន កុំឱ្យមាននាំចេញអង្ករណា ដែលខូចគុណភាពជៀសវាង ខូចពូជកម្ពុជា (ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជា) ខណៈដែលចិនបានយោគយល់ដល់កម្ពុជា ក្នុងការបង្កើនការនាំអង្ករ ពី១០ម៉ឺនតោន ដល់២០ម៉ឺនតោន ដល់កម្ពុជា។
សម្ដេចថ្លែងបញ្ជាក់ថា នៅឆ្នាំនេះ កម្ពុជានឹងមានចំនួនស្រូវកើនឡើង ក្នុងពេលដែលពិភពលោក និងនៅក្នុងតំបន់ កំពុងមានវិបត្តិ នៃការធ្លាក់ចុះតម្លៃស្រូវ ព្រោះមិនមែនមាននៅតែកម្ពុជានោះទេ។
ស្របពេលដែល រដូវច្រូតកាត់មកដល់នេះដែរ សម្តេចតេជោ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណា សម្ងួតស្រូវឱ្យបានស្រួតល្អ (ហាសស្រូវ) និងមានការអត់ធ្មត់ខ្ពស់ រក្សាស្រូវទុកលក់ នៅពេលណា ដែលតម្លៃស្រូវហក់ឡើងថ្លៃវិញ មិនត្រូវបង្ខំលក់ទាំងស្រូវនៅសើម និងមានតម្លៃទាប ដែលធ្វើឱ្យឈ្មួញមានឱកាស បង្អាប់តម្លៃស្រូវ។
សម្តេចបញ្ជាក់ថា ជាការពិតណាស់ ថា មានប្រជាកសិករមួយចំនួន ត្រូវការប្រាក់ជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រាប់ទាំងការសង់បំណុល មីក្រូហិរញ្ញវត្ថុ ឬធនាគារ ដែលពួកគាត់បានខ្ចី ប៉ុន្តែខ្ញុំយល់ថា បើសិនជាប្រជាកសិករយើង មានការអត់ធ្មត់បន្តិចនោះ ពួកឈ្មួញនឹងមិនអាច មកបង្អាប់តម្លៃស្រូវយើងបានទេ។
តែសម្តេចក៏សូមអំពាវនាវ ដល់មីក្រូហិរញ្ញវត្ថុ និងធនាគារផងដែរ មេត្តាយោគយល់ដល់ទុក្ខលំបាក របស់ប្រជាកសិករ ដែលកំពុងជួបទុក្ខលំបាក អំពីតម្លៃស្រូវធ្លាក់ចុះ ដែលការធ្លាក់ចុះនេះ មិនមែនមាននៅតែកម្ពុជាទេ គឺនៅប្រទេសថៃ វៀតណាម ក៏ដូចគ្នាដែរ រាប់ទាំងស្រូវ និងកសិផល ក៏ដូចជាជ័រកៅស៊ូ។
សម្ដេចតេជោ ក៏បានស្នើឱ្យប្រជាពលរដ្ឋមានការយោគយលដល់រាជរដ្ឋាភិបាល ក្នុងតំណាក់កាល នៃការលំបាក ដែលត្រូវរ៉ាប់រងនៅបញ្ហាជាច្រើន រាប់ទាំងបញ្ហាទីផ្សារកសិផល ជូនប្រជាពលរដ្ឋផងដែរ៕