សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


រសៀល ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៤ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ ៖
ពិនិត្យ និងសម្រេចលើសំណើ របស់គណបក្សប្រជាជនកម្ពុជា លេខ០១៨/១៩ ល.គ.គក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្នើសុំឱ្យព្រឹទ្ធសភា ៖

១. ប្រកាសទទួលស្គាល់ ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិក ព្រឹទ្ធសភានីតិកាលទី៤ នៅមណ្ឌលភូមិភាគទី៧ ជំនួស ឯកឧត្តម ជុំ វង ដែលបានទទួលមរណភាព។

២- ជ្រើសតាំង លោកជំទាវ កង សៅរ៍ធន ជាសមាជិកា និងជាលេខាធិការគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ជំនួស ឯកឧត្តម ជុំ វង ។

៣- ចាត់តាំង ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមទី២ នៃក្រុមសមាជិកព្រឹទ្ធសភា ជំនួស ឯកឧត្តម ជុំ វង។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការ រាយការណ៍ជូន និងបានស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិកា រួចមក អង្គប្រជុំក៏បានអនុម័តយល់ព្រមជាឯកច្ឆ័ន្ទ ដាក់បញ្ជូល បន្ថែម ករណីប្រកាសទទួលស្គាល់សមាជិកថ្មី និងការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឃន៍ជនបទ និងបរិស្ថាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទីព្រឹក តាមការគ្រោងទុក