រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ Wildlife Alliance ចូលជួបពិភាក្សាការងារ


នៅរសៀរថ្ងៃអង្គារ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ(Wildlife Alliance )ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូន នូវលទ្ធផលការរងារ ចំពោះការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិកម្ពុជាក្នុងរយៈពេលកន្លងមក។

លោកស្រីSuwanna មានប្រសាសន៍សម្តែងអំណរគុណ និងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់កន្លងមករបស់អាជ្ញាធរដែនដី និងភាគីដែលពាក់ពទ្ធ័ក្នុងតំបន់ការធម្មជាតិរបស់កម្ពុជា ជាពិសេសក្នុងខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ដោយក្នុងនោះក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្តោតលើកការពារពារ សក្តានុពលបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិក្រវាញខាងត្បូង តាតៃ និងក្រវាញកណ្តាល។លោកស្រីបានបន្តថា កិច្ចសហការល្អ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពក្នុងតំបន់ការពារធម្មជាតិពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចេរភាព។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងនូវអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ពន្ឋ័មិត្តសត្វព្រៃ ដែលកន្លងមកបានសំរបសម្រួល និង សហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងបរិស្ថាន ជាពិសេសមន្រ្តីបរិស្ថាន ឧទ្យានុរក្ស និងអាជ្ញាធរពាក់ពទ្ធ័នានា ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ពិតណាស់បច្ចុប្បន្ននេះយើងមានតំបន់ការពារធម្មជាតិចំនួន ៥៣កន្លែង លើទំហំផ្ទៃដីចំនួន ៧,៥លានហិកតា ដែលទំហំដ៏ធំនេះជាកាតព្វកិច្ចដែលក្រសួងបរិស្ថាន ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីដែលពាក់ពទ្ធ័នានា ក្នុងការធានាបាននូវនិរន្តភាពការពារក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិរបស់យើង សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ ជំនាន់ក្រោយ។