ជំនួបសម្តែងការគួរសមរវាងឯកឧត្តម អភិបាលខេត្តសៀមរាបជាមួយ អគ្គរដ្ឋទូតឡាវនៅសាលាខេត្តសៀមរាប


នៅរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សា ជាមួយអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម Amphay KINDAVONG អមដំណើរដោយអគ្គកុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំខេត្តស្ទឹងត្រែង និង សហការី នៅសាលា ខេត្តសៀមរាប ។

មានប្រសាសន៍នោះដែរឯកឧត្តម Amphay KINDAVONG ក៏បានបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូ មកកាន់ទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប ដើមី្បធ្វើការសិក្សាស្វែងយល់ អំពីស្ថានភាពនៃវិស័យទេសចរណ៍របស់ខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមប្រធានប្រតិភូ ក៏បានធ្វើការកោតសរសើរផងដែរ ពីកិច្ចអភិវឌ្ឍន៍ រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះដែរលោកក៏បានលើកផង ដែរ អំពីកិច្ចទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា ឡាវ មានតាំងពីដូនតាដ៏យូលង់មកហើយ ។ ម៉្យាងទៀតប្រទេសទាំងពីរ មានភូមិផងរបងជាមួយគ្នា និង មានវប្បធម៌ ប្រពៃណី សាសនាដូចគ្នា ដែលប្រជាជនទាំងពីរបានធ្វើការប្រតិបត្តិគ្នាទៅវិញទៅមកទៀតផង ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ពីភាពដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចទំនាក់ទំនងគ្នាល្អ ក្នុងការដោះស្រាយរាល់វិវាទជាមួយគ្នាប្រកបដោយសន្តិវិធី ។

ឯកឧត្តម Amphay KINDAVONG ក៏បានឲ្យដឹងផងដែរថា ដំណើរបំពេញបេសកកម្មរបស់ប្រតិភូ និង ធ្វើការទំនាក់ទំនងជាមួយបណ្តាខេត្តជាប់នៅព្រំដែនឡាវ ក្នុងការធ្វើពាណិជ្ជកម្មនឹងគ្នាទៀតផង ។ ម៉្យាងទៀតដោយ ខេត្តសៀមរាប ដែលមានសម្បត្តិវប្បធម៌ដ៏លី្បល្បាញ គឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសក្តានុពល មួយដ៏ខ្លាំងក្លា ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះហើយទឹកដីនៃខេត្តសៀមរាប ទោះបីមិនជាប់នឹងប្រទេសឡាវ ក៏វាមិននៅឆ្ងាយ ពីគ្នាផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ក្នុងវិស័យអាកាសចរណ៍ ក៏មានក្រុមហ៊ុនអាកាសចរណ៍ឡាវ មួយបានកំពុងធ្វើអាជីវកម្ម នៅក្នុងខេត្តសៀមរាបផងដែរ ។

ក្នុងកិច្ចស្វាគមន៍ចំពោះប្រតិភូ មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេស ទាំងពីរ កម្ពុជា ឡាវ មានជាយូលង់មកហើយ ព្រមទាំងបានប្រគៀកស្មាគ្នា ដើមី្បទាមទារនូវឯករាជ្យទឹកដី ពីពួកអាណានិគមនិយមបារាំងសេសទៀតផង ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកទៅលើវិស័យទេសចរណ៍ និង កសិកម្ម ព្រមទាំងបានលើកផងដែរ អំពីស្ថានភាពនៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដោយ ខេត្តសៀមរាប សម្បូរទៅដោយសម្បតិ្តវប្បធម៌ដ៏សម្បូរបែប ដែលមានរមណីដ្ឋានវប្បធម៌ និង ធម្មជាតិជាច្រើនទៀតផង ។

ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបក៏មានទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈខ្លឹមសារ អនុស្សរណៈ នៃការយោគយល់គ្នា រវាងខេត្តចំប៉ាសាក់ និង ខេត្តសៀមរាប នាឆ្នាំ២០១១ ដោយផ្តោតលើវិស័យ ទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត ។ តែក្នុងរយៈពេល កន្លងមកនេះ ភាគីទាំងពីរមិនទន់បានធ្វើអ្វីមួយរួមគ្នា ដើមី្បជាគុណប្រយោជន៍គ្នាទៅវិញទៅមកឡើយ គឺបានត្រឹមផ្លាស់ប្តូរនូវ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តទាំងពីរតែប៉ុណ្ណោះ ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ជូនប្រតិភូផងដែរថា ចំពោះបងប្អូន ប្រជាជនឡាវ ដែលមកស្នាក់នៅខេត្តសៀមរាបស្របច្បាប់ ចំនួន ៤នាក់ ព្រមទាំងមានក្រុមហ៊ុនរបស់ជនជាតិឡាវ១ក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្ម ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅលើវិស័យកសិកម្ម និង ពាណិជ្ជកម្ម រួមទាំងវិស័យទេសចរណ៍ ដោយប្រទេសយើងទាំងពីរ មានស្ថានភាពភូមិសាស្ត្រដីដូចគ្នា ដែលមានទន្លេមេគង្គឆ្លងកាត់ដូចគ្នា ព្រមទាំងសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ ប្រពៃណី និង សាសនាផងដែរ៕