អាជ្ញាធរក្រុងសៀមរាបចាប់ផ្តើមផ្តល់ទឹកជូនប្រជាពលរដ្ឋនៅសង្កាត់ទឹកវិល ដែលកំពុងខ្វះខាតទឹកប្រើប្រាស់


សៀមរាប ៖ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩  លោកស្រី ជា ភឿយ សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល ក្រុងសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៥គឺ ភូមិ សណ្តាន់ ភូមិទឹកវិល ភូមិព្រៃថ្មី ភូមិទឹកថ្លា និងភូមិជ័យ របស់សង្កាត់ទឹកវិល ក្រុសៀមរាប បានជួបប្រទះគ្រោះខ្វះខាតទឹកប្រើប្រាស់តាំងពីអំឡុងខែកុម្ភៈមកម្ល៉េះ ក្នុងនោះមានភូមិ សណ្តាន់ ភូមិទឹកវិល និងភូមិព្រៃថ្មី ដែលមានប្រជាពលរដ្ឋប្រមាណពី៦០ ទៅ ៧០ភាគរយ បានខ្វះទឹកប្រើប្រាស់។

លោកស្រី ជា ភឿយ បានឱ្យដឹងទៀតថា បន្ទាប់ពីតាមដានសភាពការណ៍ នៃគ្រោះ ខ្វះទឹកនេះ អាជ្ញាធរក្រុងសៀមរាប បានសហការជាមួយរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប បាន តក្បាលរ៉ូប៊ីណេទឹកចំនួន២កន្លែង ក្នុងសង្កាត់ទឹកវិល ដើម្បីជូនប្រជាពលរដ្ឋដែលជួប ប្រទះ គ្រោះខ្វះទឹក បានប្រើប្រាស់ដោយឥតគិតថ្លៃ ខណៈទីតាំងទាំងពីរកន្លែងនោះមានទីតាំង ទី១ ស្ថិតនៅភូមិព្រៃថ្មី ជិតអន្លង់ទឹកវិល និងទីតាំងទី២ ស្ថិតនៅផ្ទះរបស់លោកស្រីផ្ទាល់ក្នុងភូមិទឹក វិល ហើយក្រៅពីផ្តល់ជូនទឹកដោយឥតគិតថ្លៃនេះ ខាងរដ្ឋាករទឹកស្វយ័ត ខេត្តសៀមរាប ក៏ បានតបណ្តាញទឹកស្អាតចូលទៅតាមភូមិទាំងនោះផងដែរ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ការខ្វះ ទឹកប្រើប្រាស់នៅក្នុងសង្កាត់ទឹកវិលឆ្នាំនេះ មិនទាន់អត់ខ្លាំងដូច កាលពីឆ្នាំ២០១៦ នោះទេ។

គួររម្លឹកថា នៅឆ្នាំ២០១៦ ប្រជាពលរដ្ឋនៅសង្កាត់ទឹកវិលនេះ ធ្លាប់ជួបបញ្ហាដូចគ្នា នេះរួចម្ដងហើយ ដោយនៅឆ្នាំនោះអាកាសធាតុប្រហាក់ប្រហែលដូចឆ្នាំនេះដែរ រីឯទឹកក្នុង បារាយណ៍ខាងលិច ដែលជាអាងស្ដុកទឹកដ៏ធំមួយរបស់ក្រុងអង្គរ បានគោករីងស្ងួតអស់ គ្មានសល់ ប៉ុន្តែសម្រាប់នៅឆ្នាំនេះ បរិមាណទឹកនៅតិចតួចបំផុត។ បើតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅសប្ដាហ៍នេះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅកម្ពុជា សីតុណ្ហភាពបានបន្តឡើងចាប់ពី៤០ ទៅ ៤១ អង្សារសេ ខណៈភ្លៀងចុះខ្សោយ រីឯបាតុភូត រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងញឹកញាប់ និងមានឥទ្ធិពលខ្លាំង៕