ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងគ្នា។

ចំនួនសមាជិកក្រុមប្រឹក្សា ចំនួនអ្នកបោះឆ្នោត និងការិយាល័យបោះឆ្នោត មានដូចខាងក្រោម៖

*សមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត មានចំនួន៥៥៩រូប
*សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួន៣,៥៥៥រូប
*អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងមានចំនួន១១,៥៧២រូប
*ការិយាល័យបោះឆ្នោតមានចំនួន២០៣ការិយាល័យ៕