ឯកឧត្តម ចាន់ យុត្ថា បានអនុញ្ញាតិឲ្យលោក Vlastimil TESAR ភារធារីនៃស្ថានទូត សាធារណរដ្ឋឆេកនៅកម្ពុជា និងសហការី ជួបពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ


នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតិឲ្យលោក Vlastimil TESAR ភារធារីនៃស្ថានទូត សាធារណរដ្ឋឆេកនៅកម្ពុជា និងសហការី ជួបពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នទាំងពីរ។ នៅក្នុងជំនួបនោះលោកភារធារី បានលើកឡើងនូវប្រវត្តិទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាង ៦៣ ឆ្នាំមកហើយ ដែលក្នុងនោះសាធារណរដ្ឋឆេក បានគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ជាពិសេសការកសាងធនធានមនុស្ស។

បច្ចុប្បន្ន នេះសាធារណរដ្ឋឆេកក៏បានពង្រីកវិស័យគាំទ្រដល់កម្ពុជា បន្ថែមទៀតតាមរយៈការចុះអនុស្សារណៈនៃការយោគយល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតវិស័យអត្ថិភាព ៣ ៖ អប់រំ សុខាភិបាល និងទឹកស្អាត និងអនាម័យ។

ជាការឆ្លើយតប ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការស្វាគមន៍ ក៏ដូចជាថ្លែងអំណរគុណដល់សាធារណរដ្ឋឆេក ដែលបានតែងតែជួយគាំទ្រឧបត្ថម្ភកម្ពុជាគ្រប់កាលៈទេសៈ។ ជាមួយនេះផងដែរឯកឧត្តមក៏បានសំដែងនូវក្តីសោមនុស្សដែលភាគីឆេកចាប់អារម្មណ៍និងគាំទ្រទៅដល់វិស័យទឹកក្នុងការកាត់បន្ថយភាពក្រីក្រីនៅកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ភាគីឆេកជួយគាំទ្រទាំងផ្នែកទន់ និងផ្នែករឹងផងដែរ។ ជាលទ្ធផលនៃការពិភាក្សាភាគីឆេក បានលើកទឹកចិត្តដល់ក្រសួងធនធាន និងឧតុនិយម ពិចារណាក្នុងការរៀបចំជាសំណើរគម្រោងដាក់ជូនភាគីឆេកឲ្យបានត្រឹមដំណាច់ខែឧសភា ដើម្បីឲ្យភាគីឆេកមានលទ្ធភាពពិចារណាគាំទ្រសំណើរនេះ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំជាសំណើរគម្រោងតាមការកំណត់ជូនភាគីឆេក ដើម្បីពិនិត្យ។

នៅទីបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងអំណរគុណជាថ្មីម្តងទៀតដល់ភាគីឆេក ដែលចាប់អារម្មណ៍ និងមានសុឆន្ទៈ សហការណ៍ និងគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសវិស័យធនធានទឹក និងទឹកស្អាតនៅកម្ពុជា។ អង្គប្រជុំបានបញ្ចប់នៅរសៀលថ្ងៃដដែលក្រោមបរិយាកាសស្និទ្ធិស្នាលនិងភាតរភាព។