ផ្ទះ១៥០ខ្នងអំណោយសម្តេចតេជោ ហ៊ុន សែន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន ពិការ៣១៧ភ្នំឆ័ត្រសាងសង់ជិតរួចរាល់ហើយ


ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦–ផ្ទះចំនួន ១៥០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនអតីតយុទ្ធជន និងយោធិន ពិការស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ភ្នំឆ័ត្រ រួមនិងអគារសិក្សា ១ខ្នង ៦បន្ទប់ បាននិងកំពុងសាងសង់សម្រេចបានជិត១០០ភាគរយហើយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះពិនិត្យដោយផ្ទាល់លើសំណង់ផ្ទះទាំងអស់នេះដោយបានប្រាប់ទៅក្រុមអ្នកសាងសង់ ផ្ទះឱ្យគិតគូរទៅលើគុណភាពជាចម្បង កុំគិតតែពី បរិមាណ ។ ពោលធ្វើយ៉ាងណាឱ្យផ្ទះនេះមានភាពរឹងមាំសម្រាប់ការរស់នៅរបស់អតីត យុទ្ធជន និងយោធិនពិការប្រកបដោយផាសុខភាពនោះ។ ឯកឧត្តម ក៏បាន  ជំរុញឱ្យក្រុមជាងសាងសង់ពន្លឿនការសាងសង់ធ្វើយ៉ាងណាឱ្យរួចរាល់តាមផែនការគ្រោងទុកដើម្បីឆាប់បាន ប្រគល់ជូនដល់បងប្អូនបានចូលរស់នៅ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយ ជាលំនៅឋានដ៏កក់ក្តៅសម្រាប់អតីតយុទ្ធជន និងយោធិនពិការ។ ការសង់លំនៅឋាននេះ គឺបានបង្ហាញពីការ ខិតខំយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ ដែល សុទ្ធសឹងជាអ្នកមានគុណបំណាច់ ចំពោះជាតិ។ អតីតយុទ្ធជន និងយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ភ្នំឆ័ត្រ បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ទៅលើសុខទុក្ខ និងជីវភាព របស់ពួកគាត់។
នៅក្នុងឱកាសនេះដែរឯកឧត្តមក៏បានជួបសំណេះណាលជាមួយសមាជិកអតីតយុទ្ធជនជិត៥០០នាក់នៅ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យដោយបានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោហ៊ុនសែនដោយសន្យា បន្តជួយសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារអតីតយុទ្ធជននៅក្នុងខេត្តបន្ទាយមានជ័យព្រោះយើងមានដីដែល អាជ្ញាធរខេត្តបានផ្តល់ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជានៅក្នុងស្រុកភ្នំស្រុក ហើយបើបងប្អូនចង់ទៅរស់ នៅទីនោះនឹងសាង សង់ជូនភ្លាមដែលនេះជាការយកចិត្តទុកដាក់របស់សម្តេចតេជោជូនដល់អតីតយុទ្ធជន និងយោធិនពិការយើង៕