សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន


នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះ​ ក្នុងឱកាសស្នាក់នៅទីក្រុងប៉េកាំងប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាន់ ហូនីង បានពិភាក្សាគ្នាច្រើនទៅលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៃប្រទេសទាំងពីរ។ លោកលេខាបក្សកុម្មុយនីស្តចិន ក៏បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានសន្តិភាព និងស្ថិរភាព ជាពិសេសការធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងមានកំណើនសេដ្ឋកិច្ចលឿន។ លោក វ៉ាន់ ហូនីង ក៏បានកត់សម្គាល់ពីភាពល្អប្រសើរនៃការវិនិយោគនៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ហើយលោកសន្យាជំរុញឱ្យមានការវិនិយោគបន្ថែមនៅតំបន់នោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីស្ថានភាពវិវឌ្ឍន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងការវិនិយោគនៅកម្ពុជា ដោយសម្តេចចង់ឃើញក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅកម្ពុជានៅតែបន្តមានវត្តមាននៅកម្ពុជា ហើយក៏បានស្នើឱ្យរដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនចិនថ្មីផ្សេងទៀតទៅបណ្តាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបង្ហាញពីធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយអនុគ្រោះពន្ធ ការបន្ថយតម្លៃដើមសេវា ការសម្រួលមិនឱ្យភាពសាំញាំលើការផ្តល់សេវា សម្រួលការដឹកជញ្ជូន បញ្ចុះតម្លៃផ្ទុក លើកដាក់កុងតឺន័រ និងការបញ្ចុះតម្លៃអគ្គិសនីជាដើម។ សម្តេចតេជោគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់ទាំងនេះ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសកាត់បន្ថយតម្លៃផ្សេងៗធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទាំងនោះមានលទ្ធភាពប្រកួតប្រជែង ហើយអាចបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជា។

លោក វ៉ាន់ ហូនីង សមាជិកគណៈអចិន្ត្រៃយ៍ នៃការរិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន បានបង្ហាញជំហរយ៉ាងមុងមាំរបស់រដ្ឋាភិបាលចិនក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជាដែលជួយប្រទះដែលក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ដោយ
សារបច្ចុប្បន្នក្រុមហ៊ុនចិន ដែលកំពុងមានវត្តមាននៅកម្ពុជា មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រ ដែលជាក្រុមហ៊ុនរបស់ចិន ហើយការដែលក្រុមហ៊ុនចិនបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជានេះមានសារៈសំខាន់ណាស់សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ ហើយការដែលធ្វើឱ្យក្រុមហ៊ុនចិននៅកម្ពុជា និងក្រុមហ៊ុនថ្មីទៅរកស៊ីនៅកម្ពុជា គឺស្របទៅតាមទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើចិនបើកទីផ្សារថែមទៀត ដើម្បីឱ្យផលិតផល និងកសិផលមកកម្ពុជាកាន់តែច្រើន ដែលជាការជួយជំរុញដល់ការនាំចេញរបស់កម្ពុជាមកប្រទេសចិន។

ជាការឆ្លើយតបទៅនឹងអ្វីដែលសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឡើងនេះ លោក វ៉ាន់ ហូនីង បានគូសបញ្ជាក់តបដោយបង្ហាញពីគោលជំហរយ៉ាងមុតមាំ និងច្បាស់លាស់របស់រដ្ឋាភិបាលចិនថា សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា គឺជាមិត្តពិត ជាមិត្តដែកថែបរបស់ប្រទេស និងប្រជាជនចិន ដូច្នេះបើកម្ពុជាជួបបញ្ហាអ្វីចិននឹងជួយដល់ប្រទេសកម្ពុជា។ លោកលេខាបក្សកុម្មុយនីស្តចិន បានបញ្ជាក់ថា ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីប្រទេសកម្ពុជា តែមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង។ សម្តេចបានគូសបញ្ជាក់ថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នេះ ទទួលបានជោគជ័យ ហើយតាមការសង្កេតរបស់សម្តេចការផ្តួចផ្តើមនេះ បានក្លាយទៅជាគោលដៅរួមរបស់ប្រទេសទាំងឡាយដែលបានចូលរួមក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវ» នេះ។ សម្តេចបន្តថា ប្រទេសកម្ពុជាចាប់តាំងពីដើមទីមកបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា និងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ ហើយកម្ពុជាបានទទួលនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»នេះ៕