កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​របស់ Technovation កម្ពុជា ឆ្នាំ២០១៩


ភ្នំពេញ៖ ការ​ប្រកួត​ថ្នាក់​ជាតិ​របស់​កម្មវិធី Technovation កម្ពុជា ​ឆ្នាំ​២០១៩ ជា​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​អាជីវកម្ម​ដ៏​ធំ​មួយ​ដែល​ផ្ដល់​ឱកាស​សម្រាប់​ស្ត្រី​វ័យ​ក្មេង​ ពិសេស​កុមារី​ដែល​មាន​វ័យ​ចាប់​ពី​១០ ដល់​១៨​ឆ្នាំ ដើម្បី​បង្ហាញ​សមត្ថភាព​ពួកគេ។ ​កម្មវិធី​នេះ បាន​ផ្ដល់​ពេល​១២​សប្ដាហ៍ ដល់​​កុមារី​​ទាំង​នោះ​ បង្កើត​កម្មវិធី​ទូរស័ព្ទ និង​ផែនការ​អាជីវកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់។

កម្មវិធី​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​អាទិត្យ ២កើត ខែ​ពិសាខ ឆ្នាំ​កុរ សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​បាន ជំរុញ​​កុមារី​ឱ្យ ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​​ក្នុង​សហគមន៍ ប្រឹងប្រែង​បង្កើត​អ្វី​ដែល​ថ្មី ចេះ​សហការ​គ្នា​ដើម្បី​​ធ្វើ​ការ​ងារ​ជា​ក្រុម។ សូម​ជម្រាប​​ថា បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​ជម្រុះ​កន្លង​មក ​កុមារី​ចំនួន​១៣​ក្រុម ត្រូវ​បាន​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​លើក​នេះ៕