ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩


ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃដែនជម្រកសត្វព្រៃព្រៃឡង់ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណៈជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋហើយទាំអស់គ្នាចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាននៅក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិត។

ឯកឧត្តមជឿជាក់ថារូបភាពស្តីពីនៃភាពសម្បូណ៌បែបនៃធនធានធម្មជាតិ និងជីវភាពបងប្អូនប្រជាសហគមន៍នឹងត្រូវផ្សព្វផ្សាយតាមរយៈការផ្តិតរូបភាពនៃការប្រណាំងយានយន្តឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃឡង់មកផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ។ ព្រឹត្តិការណ៍ប្រឆាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះគាំទ្រដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនប្រេង ឥន្ធនៈតូតាល់ នឹងមានការចូលរួមពីកីឡាករកីឡាការិនីជាច្រើនរូបមកពីប្រទេសនានា។ ការប្រណាំងនេះនឹងឆ្លងកាត់ ៣ ខេត្តគឺខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាបលើចម្ងាយផ្លូវសរុបជាង ៦០០គីឡូម៉ែត្រ។