ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦–រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានអះអាងថា ក្រសួងគ្រោងនឹងដាក់ ឱ្យអនុវត្តន៍នូវយន្តការចែក រំលែកចំណូលពន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកន្លងមកយន្តការនេះ ត្រូវបានអនុវត្តន៍នៅរដ្ឋបាល រាជធានី ខេត្តតែប៉ុណ្ណោះ។
ថ្លែងក្នុងសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បាន មានប្រសាសន៍ថា ក្រសួងបានអនុញ្ញាតឱ្យសង្កាត់ និងខណ្ឌទាំងអស់ក្នុងរាជធានី និងខេត្ត ទទួលភារកិច្ចប្រមូលពន្ធ អចលនទ្រព្យ ដោយទទួលបានការចែករំលែកលើការប្រមូលពន្ធអចលនទ្រព្យ ចំនួន៣០ភាគរយពី
រាជធានី និងខេត្តនីមួយៗ។
ឯកឧត្តមបញ្ជាក់ថា ការអនុវត្តនូវការចែករំលែកលើ ការប្រមូលពន្ធអចលនទ្រព្យ ចំពោះសង្កាត់ ស្រុក ខណ្ឌ គឺជាការអនុវត្តគោលនយោបាយវិមជ្ឈការហិរញ្ញវត្ថុ នៃកម្ម វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕