កិច្ចពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល និងប្រកាសអន្តរក្រសួងស្ដីពីការលក់ ឬដេញថ្លៃជាសាធារណៈ


ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល និងប្រកាសអន្តរក្រសួងស្ដីពីការលក់ ឬដេញថ្លៃជាសាធារណៈ នូវលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តគ្រួសារ រថយន្តធុនស្រាល និងរថយន្តធុនធ្ងន់ ដោយមានការចូលរួមពី សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង ។

គោលបំណងនៃកិច្ចពិភាក្សានេះ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្តីពីការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល និងប្រកាសអន្តរក្រសួងស្ដីពីការលក់ ឬដេញថ្លៃជាសាធារណៈ នូវលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តគ្រួសារ រថយន្តធុនស្រាល និងរថយន្តធុនធ្ងន់ ព្រមទាំងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដើម្បីគ្រប់គ្រង និងសម្រួលដល់ការលក់លេខចុះបញ្ជី រថយន្តគ្រួសារ និងលេខពិសេសផ្ទាល់ខ្លួន។

បន្ថែមពីនេះទៅទៀត កិច្ចពិភាក្សានេះក៏ផ្តោតសំខាន់លើការកំណត់តម្លៃទៅលើលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ឱ្យមានលក្ខណៈជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងផ្លាកលេខយានយន្ដគ្រប់ប្រភេទ ធានាឱ្យការចុះបញ្ជីាយានយន្ត និងបំពាក់ផ្លាកលេខសម្គាល់យានយន្ដបានឆាប់រហ័ស ក៏ដូចជារួមចំណែកដល់ការគៀងគរចំណូលមិនមែនសារពើពន្ធ និងកម្រៃផ្សេងៗកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕