ក្រសួងទេសចរណ៍ និង រាជបណ្ឌិត្យសភាកម្ពុជា ពិភាក្សាគ្នាដើម្បីប្រមូលទិន្នន័យសម្រាប់ស្រាវជ្រាវការអភិវឌ្ឍវិស័យទេសចរណ៍


(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចពិភាក្សាគ្នា ដើម្បីប្រមូលទិន្នន័យជាឯកសារ សម្រាប់ការស្រាវជ្រាវបឋមលើគម្រោង ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ហើយកិច្ចពិភាក្សាបានធ្វើឡើងលើចំណុចមួយចំនួនដូចជា៖ បញ្ហាសហគមន៍ទេសចរណ៍, បញ្ហាធនធានមនុស្ស និងការបណ្តុះបណ្តាល, បញ្ហាដឹកជញ្ជូន, បញ្ហាម្ហូបអាហារ, បញ្ហាទីផ្សារ និងការផ្សព្វផ្សាយ, បញ្ហាស្តង់ដាទេសចរណ៍, បញ្ហាអនាម័យ និងសំរាម បញ្ហាទីក្រុងស្អាត និងទីក្រុងទំនើប។

ឯកឧត្តមបណ្ឌិត សុខ ទូច បានថ្លែងថា ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ ឯកឧត្តមនឹងយកនូវអ្វីដែលក្រសួងទេចរណ៍បានធ្វើកន្លងមក ដើម្បីសិក្សាស្វែងយល់បន្ថែម ដើម្បីផ្តល់ងាយស្រួលរកធាតុចូល ព្រមទាំងគាំទ្រចំណុចយុទ្ធសាស្ត្រនានាដែលក្រសួងបានដាក់ចេញ ដែលជាចំណុចសំខាន់ក្នុងកិច្ចការចូលរួមដំណើរការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ ទាក់ទាញទេសចរណ៍អន្តរជាតិឱ្យបាន ១៥លាននាក់។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត សុខ ទូច ក៏បានគាំទ្រនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានរៀបចំឡើង និងបានធ្វើបទបង្ហាញយ៉ាងច្បាស់ដែលនាំឱ្យឯកឧត្តមទទួលបានធាតុចូលថ្មីៗទៀតជាច្រើន។

ឯកឧត្តមបានគាំទ្រក្នុងការបង្កើតឱ្យមានផលិតផលទេសចរណីថ្មីៗទៀតជាច្រើន ប្រកបដោយគុណភាព ភាពទាក់ទាញ ហើយផលប្រយោជន៍ដែលទទួលបានពីវិស័យទេសចរណ៍ ត្រូវតែចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រភាពក្រីក្រផងដែរ។

ឯកឧត្តមបណ្ឌិត សុខ ទូច ក៏បានស្នើសុំដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា បើអាចរាជបណ្ឌិត្យសភាបើកសាលាបច្ចេកទេសបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ដោយរកដៃគូជាមួយប្រទេសសិង្ហបុរី ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានខុងជឺ ដែលមានជំនាញក្នុងការបណ្តុះបណ្តាលភាសាចិន ដើម្បីសហការជាមួយក្រសួង និងរៀបចំបកប្រែឯកសារមួយចំនួនជាភាសាចិនសម្រាប់ភ្ញៀវទេសចរ។

ឯកឧត្តម សុខ ទូច ក៏បានសន្យាថានឹងខិតខំជួយដល់វិទ្យាជាតិទេសចរណ៍ ដែលទើបបង្កើតថ្មីផងដែរ។

ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីមានការរីករាយ និងត្រៀមសហការ ដោយឧស្សាហកម្មទេសចរណ៍កម្ពុជា ត្រូវការឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញទេសចរណ៍យ៉ាងច្រើន ដើម្បីធានាឱ្យបាននូវយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ»៕