ឯកឧត្តម វេង សាខុន និង ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យសកម្មភាពបណ្តុះកូនឈើតាមរយ:ជាលិកា (tissuss culture) របស់ក្រុមហ៊ុនអង្គរប្រាយវូត


នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពបណ្តុះកូនឈើតាមរយ:ជាលិកា (tissuss culture) របស់ក្រុមហ៊ុនអង្គរប្រាយវូត លើផ្ទៃដី ២៥ហត ស្ថិតនៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជំហានដំបូង ជាមធ្យមក្រុមហ៊ុនអាចផលិតកូនឈើប្រេងខ្សល់បានចំនួន ០៦លានដើមក្នុង ១ឆ្នាំ អាចយកទៅលើផ្ទៃដី ០១ម៉ឺនហត។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបង្កើតស្ថានីយបណ្តុះ កូនប្រេងខ្សល់ពូជថ្មីនេះ។ លោកបានស្នើឲ្យក្រុមហ៊ុនខិតខំផលិតកូនបន្ថែមទៀតដើម្បីឆ្លើយតម តាមសេចក្តីត្រូវការទីផ្សារ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃទាក់ទងនឹងបច្ចេកទេសបណ្តុះកូនតាមបែបជាលិកានេះ កាន់តែត្រូវបានយកចិត្តទុកដាក់ និងពេញនិយមសម្រាប់ការដាំដុះជាលក្ខណឧស្សាហកម្ម ព្រោះកូនដំណាំ ឬកូនឈើដែលបានមកគឺមានបរិមាណគ្រប់គ្រាន់តាមការបញ្ជាទិញ ការលូតលាស់ និងអាយុផលិតកម្មតំណាលគ្នា និងជាពិសេសគ្មានជំងឺឆ្លង។ ក្រុមហ៊ុនគួរសហការជាមួយ រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដើម្បីធ្វើការផ្សព្វផ្សាយពូជ រៀនសូត្រ ដកស្រង់បទពិសោធន៍ បច្ចេកទេសបន្ថែមទៀត និងជាពិសេសត្រូវសហការដាំឲ្យបានទូលំទូលាយប្រយោជន៍ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ។