ឯកឧត្តម ខៀវ មុត បានអញ្ជើញទៅពិនិត្យមើលការជីកស្តារស្រះទឹកទី១០ ដែលស្រះទឹកចុងក្រោយក្នុងគម្រោងឆ្នាំ២០១៩


ខេត្តតាកែវ÷ នាព្រឹក ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំ​ភូមិ​ភាគ​​ទី​៥​ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញទៅពិនិត្យមើលការជីកស្តារស្រះទឹកទី១០ ដែលស្រះទឹកចុងក្រោយក្នុងគម្រោងឆ្នាំ២០១៩របស់ក្រុម ស្ថិតនៅក្នុងវត្តទេពប្រណម្យ ភូមិភ្នំលន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។
ឆ្លៀតឱកាសនោះ ឯកឧត្តម​ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់​ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សាស្រះទឹក​ទាំងអស់គ្នា ដោយដាំដើមឈើជុំវិញស្រះទឹក និងប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ សត្វពាហនៈធ្លាក់ចូលក្នុងស្រះ។ ចូលរួមនាឱកាសនោះដែរមានគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ​ សរុបចំនួន ៧៦នាក់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥បានចូលរួមដោះស្រាយប្រភពទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋបានចំនួន១០កន្លែង ក្នុងនោះខេត្តកំពត៨កន្លែង ខេត្តកែប១កន្លែង និងខេត្តតាកែវ ១កន្លែង រាល់សមិទ្ធផលទាំងអស់នេះគឺមានការចូលរួមសហការគាំទ្រពីឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា។