ឯកឧត្តម ណាប់ ប៊ុនហេង និង ឯកឧត្តម ថង សាវុន បានអញ្ជើញជាអធិបតីភាពក្នុងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២


នៅព្រឹកថ្ងៃ ចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ដែលពិធីនេះប្រារព្ធធ្វើនៅ សាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ស្ថិតនៅ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៨ កើតឡើងចំនួន ១០៤ លើក ស្មើរនិង ១៥ ករណី កើតឡើងពេលយប់ ៥៤ លើក និងពេលថ្ងៃ ៥០ លើក បណ្តាលអោយមនុស្ស ស្លាប់ ៤០ នាក់ ស្រី ៥ នាក់ របួសធ្ងន់ ៩៨ នាក់ ស្រី ២៨ នាក់ របួសស្រាល ៥២ នាក់ ស្រី ៩ នាក់ ម៉ូតូខូចខាត ១១៨ គ្រឿង រថយន្តខូចខាត ៥៨ គ្រឿង។

ស្ថានភាព គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នគឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពល គ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យរបួសពិការ ឬបាត់បង់ជីវិតមនុស្សយ៉ាងអាណោចអាធ័ម រួមជាមួយ នឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា។

សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយសូមចូលរួមយកចិត្តទុកដាក់នូវ វិធានការដូចខាងក្រោម៖
១. អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗ គ្នាទោះជិតឆ្ងាយ។
២. មុនពេលបើកបរយានជំនិះត្រូវត្រួតពិនិត្យបច្ចេកទេសឱ្យបានម៉ត់ចត់ និងលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នជានិច្ច។
៣. អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា។
៤. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានល្អ មិនថាជិតឬឆ្ងាយ។
៥. សូមបន្ថយល្បឿនបើកបរទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង…ជាដើម។
៦. មុននឹងវ៉ាជែងត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរអាចវ៉ាជែងដោយសុវត្ថិភាពកុំប្រថុយ ប្រថាន។
៧.ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងគោរពសិទ្ធិអាទិភាព គឺត្រូវបន្ថយល្បឿន។
៨.”បើពិសារគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង” ព្រោះបើស្រវឹង អ្នកបើកបរនឹងបាត់ភាពម្ចាស់ការលើខ្លួនឯង។
៩.ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់
១០.ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូបមេត្តាអត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាងការប្រើអំពើហិង្សា ត្រូវរួមគ្នាដោះស្រាយតាមនីតិវិធីច្បាប់៕