នៅថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងនៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីមន្ទីរវិស័យពាក់ព័ន្ធមួយចំនួនក្នុងខេត្ត។
ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងសិក្សា ពិនិត្យ និងពិភាក្សាអំពីទីតាំងដី ដើម្បីរៀបចំជាដីសម្បទានសង្គមកិច្ចក្រោមហិរញ្ញប្បទានបន្ថែមរបស់ធនាគារពិភពលោក។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ដោយក្រុមការងារបានស្តាប់បទបង្ហាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បទបង្ហាញរបស់តំណាងមកពីដែនជម្រកសត្វព្រៃណាំលាវ និងដែនជម្រកសត្វព្រៃលំផាត់។ បន្ទាប់មក ក្រុមការងារបានពិភាក្សាបន្ថែមទៀតពីលទ្ធភាពក្នុងការជ្រើសរើសទីតាំងដីដើម្បីរៀបចំជាដីសម្បទានសង្គមកិច្ច។
បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារនឹងធ្វើដំណើរទៅទស្សនកិច្ចទីតាំងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពជាក់ស្តែងដែលមានក្នុងទីតាំង និងជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិដើមភាគតិចដែលរស់នៅក្នុងទីតាំងនោះ៕
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASE II) បានរៀបចំកិច្ចប្រជុំរវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងក្រុមបេសកកម្មរបស់ធនាគារពិភពលោក
