បេសកជនពិសេសរបស់កម្ពុជា​ ពាំនាំលិខិតតែងតាំងពីសម្តេចតេជោ ជូនអគ្គលេខាធិការ​ OIC


អារ៉ាប៊ីសាអ៊ូឌីត៖​ ក្នុងនាមជាបេសកជនពិសេសរបស់កម្ពុជាប្រចាំអង្គការ OIC ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Yousef Al-Othaimeen អគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម​ (OIC) និងបានពាំនាំលិខិតតែងតាំងលោកជាបេសកជនពិសេសរបស់កម្ពុជាប្រចាំ​ OIC ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូន​ លោកអគ្គលេខាធិការអង្គការ OIC។

ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទឥស្លាមពិភពលោកស្តីពី “គុណតម្លៃនៃការនិយមកណ្តាល” នៅទីក្រុងម៉ាកាស់ ក្រោមព្រះរាជអធិបតីភាពព្រះចៅ Khalad Al-Faisal Bin Abdulaziz Al-Saud ព្រះប្រមុខរដ្ឋក្រុងម៉ាកាស់ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះចៅ Salman Bin Abdulaziz Al-Saud ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត​ ដែលមានអ្នកចូលរួមជាតិនិងអន្តរជាតិ ចំនួន​ ១៦០០នាក់។

អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិកចំនួន ៥៧ប្រទេស តំណាងឱ្យប្រជាជនជាង ១ ភាគ ៥ នៅលើសកលលោក និងជាអង្គការធំទីពីរ បន្ទាប់ពីអង្គការ UN ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី៧ ខែឧសភា​ ថ្មីៗកន្លងទៅនេះ ក្នុងពិធីស្រាយបួសនៃសាសនាឥស្លាមកម្ពុជា​ នៅឯមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសតែងតាំង ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជន​ពិសេស​របស់កម្ពុជា​ ប្រចាំអង្គការ​ OIC។​ បន្ទាប់មក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត Yousef Al-Othaimeen អគ្គលេខាធិការអង្គការ​ OIC ក៏បានឆ្លើយតបលិខិតមួយមកកាន់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ​ ជាមួយនឹងកិច្ចស្វាគមន៍អបអរសាទរដែលសម្តេចនាយករដ្ឋមន្ត្រីបានផ្តល់សេចក្តីទុកចិត្ត តែងតាំង ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC៕