ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានសព្វថ្ងៃ គឺផ្តើមចេញពីកត្តា៣សំខាន់ រួមមាន កត្តាមនុស្ស កត្តាសម្ភារ និងកត្តាផ្លូវ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានសព្វថ្ងៃ គឺផ្តើមចេញពីកត្តា៣សំខាន់ រួមមាន «កត្តាមនុស្ស កត្តាសម្ភារ និងកត្តាផ្លូវ»។ ដូច្នេះកត្តាទាំង៣នេះ ឯកឧត្តមសូមឲ្យក្មួយៗ យុវជន យុវនារីទាំងអស់គ្នា ជាពិសេសគ្រួសារអ្នករត់តាក់ស៊ី និងម៉ូតូឌុប ត្រូវតែបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរ និងពេលបើកបរ ព្រោះថាយ៉ាងហោចណាស់ មានអ្នកជិះ៣ទៅ៥នាក់ ដែលបានផ្ញើជីវិតទៅលើអ្នកបើកបរ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ បរិវេណសួនច្បារខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ដែលបានការរៀបចំដោយ រដ្ឋបាលខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដោយមានអ្នកចូលរួមជាង៥០០នាក់។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមប្រធានគណៈកម្មាធិការចរាចរណ៍ផ្លូវគោកខេត្ត ឯកឧត្តមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» និងបានចែកជូនមួកសុវត្ថិភាព ចំនួន៥០នាពេលនោះផងដែរ៕