សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ពីថ្ងៃ៣១ ឧសភា-០២ មិថុនា នៅសិង្ហបុរី


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិសិង្ហបុរី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ (The 18 TISS Shangri-La Dialogue) នៅប្រទេសសិង្ហបុរី នៅចងខែនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

អំឡុងពេលបំពេញទសន្សកិច្ចការងាររយៈពេល៣ថ្ងៃ ក្នុងប្រទេសសិង្ហបុរី គណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសពាក់ព័ន្ធក្នុងតំបន់ផងដែរ។

ដូចជាឆ្នាំមុនៗដែរ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ក្នុងប្រទេសសិង្ហបុរីលើកនេះ នឹងផ្តល់ឱកាសយ៉ាងច្រើនសម្រាប់កិច្ចប្រជុំទ្វេភាគី និងពហុភាគីដល់តំណាង និងប្រមុខការពារជាតិទាំងអស់ពីគ្រប់ប្រទេស ដើម្បីប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាស្តីពីបញ្ហាសន្តិសុខក្នុងតំបន់៕