ជំនួបសម្តែងការគួរសមពីថ្នាក់ដឹកនាំក្រុមហ៊ុន KAMIGUMI Co., Ltd និងសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka ដែលជាម្ចាស់ចំណែកភាគហ៊ុននៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)


ថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លោក Masami KUBO ជាប្រធាន និងនាយកតំណាងក្រុមហ៊ុន KAMIGUMI Co., Ltd និងលោក Kenji HOKAZONO ជាប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka International Port បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក KUBO បានបង្ហាញនូវបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងពាណិជ្ជករផ្នែកដឹកជញ្ជូនឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត។ សូមជម្រាបជូនថា ក្រុមហ៊ុនទាំងពីរនេះ គឺជាម្ចាស់ចំណែកភាគហ៊ុន នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។

ក្រុមហ៊ុន KAMIGUMI Co., Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៧ នៅទីក្រុងKobe ប្រទេសជប៉ុន និងជាក្រុមហ៊ុននាំមុខគេមួយផ្នែកដឹកជញ្ជូនតាមកំពង់ផែរបស់ជប៉ុន។ សាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka International Port ត្រូវបានបង្កើតឡើងដើម្បីពង្រឹងភាពប្រកួតប្រជែងអន្តរជាតិនៃកំពង់ផែ Hanshin (កំពង់ផែ Kobe និងកំពង់ផែ Osaka) តាមរយៈការជំរុញការគ្រប់គ្រងកំពង់ផែ ប្រកបដោយប្រសិទ្ធភាព។