សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា (Yoshiaki Ishizawa) ចូលជួបសម្តែងការគួរសម


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បន្តអនុញ្ញាត ឱ្យលោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្សចូលជួបសម្តែងការគួរសម និងរំលឹកនូវរឿងរ៉ាវជាអនុស្សាវរីយ៍ពីអតីតកាលមួយចំនួន។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិតសាស្ត្រាចារ្យ បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានលើកឡើងពីការងាររបស់លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលផ្នែកគាំពារ និងអភិរក្សតំបន់អង្គរ (ICC-Angkor) កាលពីឆ្នាំ២០១៨កន្លងទៅ។ លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីការងារស្រាវជ្រាវ និងចងក្រងនូវសៀវភៅស្តីពីប្រាសាទអង្គរ ដែលនឹងបោះពុម្ពសៀវភៅក្នុងពេលឆាប់ៗនេះ។

លោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា បានជម្រាបសម្តេចតេជោផងដែរថា គាត់ពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយនិងការរាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា កន្លងមកនេះការស្រាវស្រាវនៅប្រាសាទអង្គរបានរកឃើញនូវវត្ថុបុរាណជាច្រើន។ លោកសាស្ត្រាចារ្យ ក៏បានរំលឹកពីទំនាក់ទំនងរវាងលោក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកសាស្ត្រាចារ្យ បានលើកឡើងថា លោកបានស្គាល់សម្តេចរយៈពេល ៣៥ឆ្នាំហើយ ហើយលោកបានជួបសម្តេចលើកដំបូងនៅឆ្នាំ១៩៨៣ នៅពេលសម្តេចនៅធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឡើយ។ លោកសាស្ត្រាចារ្យបានរំលឹកថា នៅពេលនោះសម្តេចតេជោ បានណែនាំលោកឱ្យជួយធ្វើយ៉ាងណាផ្ទេរនូវចំណេះដឹងលើការស្រាវជ្រាវទៅដល់ប្រជាជនកម្ពុជា។

ឆ្លើយតបសំណូមពររបស់សម្តេចតេជោ ក្នុងរយៈពេល ៣៥ឆ្នាំនេះ លោកបានបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យានៅក្នុងប្រទេសកម្ពុជាបានជាច្រើនរូប។ ក្នុងនោះមាននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រចំនួន១៨នាក់ និងថ្នាក់បណ្ឌិត៧នាក់ ហើយពួកគេបានធ្វើការងារនៅរមណីយដ្ឋានអង្គរ។ ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងរវាងសម្តេចជាមួយលោកសាស្ត្រាចារ្យផងដែរ។ សម្តេចតេជោ បានលើកឡើងថា ការដែលសម្តេចបានជួបជាមួយសាស្ត្រាចារ្យ គឺមានរយៈពេលយូរណាស់មកហើយ ហើយអ្វីដែលសម្តេចបានស្នើសាស្ត្រាចារ្យពីពេលនោះ គឺធ្វើយ៉ាងណាជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសជួយដល់ប្រជាពលរដ្ឋរស់នៅបរិវេណអង្គរវត្ត។

លើសពីនោះទៀត សម្តេចតេជោ នៅតែចងចាំថា ការងារអភិរក្សនេះ គឺមានការងារពាក់ព័ន្ធជាច្រើន ជាពិសេសរួមមានទាំងការធ្វើអនុក្រឹត្យបញ្ឈប់មិនឱ្យមានរថយន្តធំៗបើកកាត់តំបន់អង្គរវត្តជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា កាលពី២០ឆ្នាំមុន សម្តេចបានធ្វើការងារជាមួយលោក កេ អូប៊ីជី ដែលជានាយករដ្ឋមន្ត្រីដំបូងគេបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងខែមករា ឆ្នាំ២០០០ ក្រោយកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម ហើយលោកសាស្ត្រាចារ្យ ក៏បានអញ្ជើញចូលរួមផងដែរ។ ២០ឆ្នាំក្រោយ សម្តេចនៅតែធ្វើការងារជាមួយលោកសាស្ត្រាចារ្យ ក៏ដូចជាកូនរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក កេ អូប៊ីជី ផងដែរ។

លោកសាស្ត្រាចារ្យ បានអះអាងនៅចំពោះមុខសម្តេចតេជោផងដែរថា លោកនឹងនៅតែបន្តធ្វើការនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី ហើយនឹងបន្តធ្វើការស្រាវជ្រាវ និងអភិវឌ្ឍនៅប្រាសាទខ្មែរ។ លោកសាស្ត្រាចារ្យ ក៏បានគោរពអញ្ជើញសម្តេចតេជោទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ និងធ្វើបឋកថាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានឯកភាព និងទទួលយកការអញ្ជើញនេះហើយ៕