អ្នកសារព័ត៌មានត្រូវតែមានចំណេះដឹងចំនួន៣ គឺចំណេះដឹង ចំណេះធ្វើ និង ចំណេះគិត ដើម្បីអោយព័ត៌មានពិតប្រាកដបានទៅដល់ប្រជាពលរដ្ឋ


កាលពីរសៀលថ្ងៃសៅរិ៍ទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្ដីពីតួនាទីអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក ក្នុងទូទាំងខេត្ត នាយក និង អ្នកយកព័ត៌មាន នៃអង្គភាពកាសែត ទស្សនាវដ្ដី គេហទំព័រ ស្ថានីយវិទ្យុឯកជនផ្សាយផ្ទាល់ និង ស្ថានីយទូរទស្សន៍ខ្សែកាបក្នុងខេត្ត សរុបចំនួន ១៧៥ នាក់ដែលបានចូលរួម ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា មន្ទីរតែងតែបានធ្វើការជួបប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនលើករួចមកហើយ ក្នុងកិច្ចប្រជុំនីមួយៗ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងមន្ទីរព័ត៌មានខេត្តជាមួយអ្នកសារព័ត៌មាន ដែលជាដៃគូដ៏សំខាន់ក្នុងការនាំសារឲ្យសង្គមជាតិ ក៏ដូចជាការប្រមូលមតិយោបល់ចូលរួមគ្រប់បញ្ហា ទាំងចំណុចវិជ្ជមាន និង អវិជ្ជមាន បញ្ហាប្រឈមនានា និង ភាពអសកម្ម ទាំងអាជ្ញាធរពាក់ព័ន្ធ ទាំងអ្នកសារព័ត៌មានខ្លួនឯ។ ជាមួយគ្នានោះបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមណាដែលអាចដោះស្រាយបាន ធ្វើឲ្យអ្នកសារព័ត៌មានទទួលបានការជឿជាក់មួយចំនួនធំ ហើយបំពេញការងារបានល្អប្រសើរជាងពេលមុនទៀតផង ។

ឯកឧត្ដម ទៀ សីហា ក៏បានសម្ដែងការគាំទ្រចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានរៀបចំសិក្ខាសាលា ស្ដីពី «តួនាទីអ្នកសារព័ត៌មាន» ដ៏មានសារៈសំខាន់នាថ្ងៃនេះ ក្នុងគោលបំណងបញ្ជ្រាបអំពីវិជ្ជាជីវៈនៃសារព័ត៌មាន ហើយក៏ចង់បង្ហាញដល់អាជ្ញាធរមានសមត្ថកិច្ច អំពីតួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មាន និងដើម្បីឲ្យអ្នកសារព័ត៌មាន បានយល់ច្បាស់អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាប្រទីបបំភ្លឺដល់បងប្អូនអ្នកសារព័ត៌មាន ក្នុងការបំពេញការងារទៅបានល្អប្រសើរ ។

ឯកឧត្ដមបានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ គួរគប្បីប្រកាន់ខ្លួនដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតរបស់សង្គម និងរឿងរ៉ាវផ្សេងៗ និងបន្តធ្វើជាស្ពានពីរដ្ឋទៅប្រជាជនពីប្រជាជនទៅរដ្ឋនូវកម្មវិធីនយោបាយ និងឲ្យរដ្ឋបានដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមករដ្ឋវិញ លើកលែងតែបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ , ជួយរិះគន់ស្ថាបនាលើគោលនយោបាយ និង ការអនុវត្តទាំងស្ថាប័នរដ្ឋ ហើយត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយបំផ្លើស និងញុះញង់ ព្រមទាំងចង់ឲ្យសារព័ត៌មានចូលរួមវិភាគទានក្នុងការវិភាគទាំងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយទៅនឹងព័ត៌មានក្លែងក្លាយ តាមរយៈវិធីបញ្ចេញនូវព័ត៌មានពិត ព្រមទាំងត្រូវធ្វើទំនើបកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងសម្ថភាព និងធនធានមនុស្ស ។

ឯកឧត្តម ខៀវ កាញារិទ្ធ មានប្រសាសន៍ថា សតវត្សទី២១នេះជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះការផ្សាយព័ត៌មាន មានគ្រប់រូបភាពដូចជាកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វែសប៊ុក ធ្វីសធ័រ និង យូធូប សម្រាប់ការតាមដាននូវរាល់ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗទាំងនៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើពិភពលោក ខណៈពេលបច្ចប្បន្ននេះ ការផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានភាពទូលំទូលាយជាងគេ ហើយអ្នកសារព័ត៌មាន គាត់មានតែទូរស័ព្ទស្មាតហ្វូនមួយ គាត់អាចធ្វើការផ្សាយបានភ្លាមៗ អំពីព្រឹត្តិការណ៍នោះ ហេតុនេះ នៅក្នុងសង្គមប្រជាធិបតេយ្យការឆក់យកបេះដូង និង ខួរក្បាល របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ ជាពិសេសត្រូវអត់ធ្មត់ឲ្យបានខ្លាំងបំផុត ដើម្បីពន្យល់គេ និង ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ។

ឯកឧត្តមបានបន្ថែមទៀតថា ស្ថាប័នរបស់រដ្ឋ និង អ្នកសារព័ត៌មាន ត្រូវមានទំនាក់ទំនងជាមួយគ្នាឲ្យបានល្អ ព្រោះថា នៅពេលមានព័ត៌មានបន្លំ ឬព័ត៌មានក្លែងក្លាយ ត្រូវតែឆ្លើយតបឲ្យបានលឿនមែនទែន កុំយកកំហឹងទល់កំហល់ សំខាន់ត្រូវរកអ្នកដែលចេះនិយាយជាមួយអ្នកសារព័ត៌មាន ហើយត្រូវអត់ធ្មត់ពន្យល់គេ ខណៈដែលមានអង្គភាព ឬអ្នកសារព័ត៌មានមួយចំនួនផ្សាយខុសពីការពិត ឬនិយាយអាក្រក់ពីយើង គឺត្រូវតែឆ្លើយបំភ្លឺភ្លាមៗ ដល់ពេលយូរទៅ អ្នកដែលកុហក និង បំប៉ោងរឿង គាត់នឹងរអាខ្លួនឯងហើយ ពីព្រោះគេឃើញឈ្មោះហ្នឹងឬ អង្គភាពសារព័ត៌មានហ្នឹង ផ្សាយខុសចំនួនពីរទៅបីដងហើយ ដូច្នេះការចងសត្រូវរវាងស្ថាប័នរបស់រដ្ឋ និង អ្នកសារព័ត៌មានមិនជាការល្អទេ ។

ឯកឧត្តម ខៀវ កាញារិទ្ធ ក៏បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពស្ថាប័នរបស់រដ្ឋយ៉ាងដូច្នេះ បន្ទាប់ពីមានសំណូមពររបស់អ្នកសារព័ត៌មាន ជូនដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដមអភិបាលខេត្តសៀមរាប តាមរយៈវីដេអូឯកសារ ដែលមន្ទីរព័ត៌មានខេត្តសៀមរាប បានដកស្រង់មតិ យោបល់ និង សំណូមពររបស់អ្នកសារព័ត៌មានក្នុងខេត្ត ក្នុងកិច្ចប្រជុំមួយរវាងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ជាមួយអ្នកសារព័ត៌មានក្នុងខេត្ត កន្លងទៅនេះ ។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ទៀតថា អ្នកសារព័ត៌មានទាំងអស់ ត្រូវតែមានចំណេះចំនួន៣ គឺចំណេះដឹង ចំណេះធ្វើ និង ចំណេះគិត ហើយការស្វែងរកប្រភពឆ្លើយបំភ្លឺពីអភិបាលខេត្ត ឬថ្នាក់ដឹកនាំកំពូលនៃអង្គភាព ក៏មិនជាការល្អដែរ ព្រោះគាត់កិច្ចការងារសំខាន់ៗ និង ចាំបាច់ជាច្រើនដែលត្រូវបំពេញ ដូច្នេះគួរតែស្វែងរកប្រភពពីថ្នាក់ក្រោមបន្ទាប់ ហើយត្រូវធ្វើការកែតម្រូវ ក្នុងករណីសរសេរខុសហើយគេសុំឲ្យមានការកែតម្រូវ ហើយត្រូវមានកម្រិតវប្បធម៌ខ្លះ ព្រោះសព្វថ្ងៃនេះ មានចាងហ្វាង និង អ្នកកាសែតខ្លះ សរសេរអក្សរខ្មែរអត់ត្រូវនោះទេ ។ កិច្ចការនេះ យើងនឹងកែសម្រួលបញ្ហាទាំងអស់នេះ ធ្វើយ៉ាងណាឲ្យមានតុល្យភាពនឹងគ្នា និង មានភាពសុខដុមជាមួយគ្នា ព្រមទាំងអំពាវនាវសុំឲ្យអាជ្ញាធរ និង គ្រប់អង្គភាពស្ថាប័នរដ្ឋ សហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានពិត ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ៕