ឯកឧត្តម កឹម ស៊ីថន ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន អំពីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្តីទី ឯកឧត្តម កឹម ស៊ីថន បានគូសបញ្ជាក់អំពីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC) ដើម្បីទាក់ទាញទំនុកចិត្ត និងការវិនិយោគបន្ថែម សំដៅធ្វើពិពិធកម្មឱកាសការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានធ្វើឡើងនាឱកាសជួបពិភាក្សាការងារជាមួយលោក Donald P. Kanak ប្រធាន EU-ABC និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ដើម្បីពន្យល់អំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ចលើវិស័យសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី កឹម ស៊ីថន បានជម្រាបជូនគណៈប្រតិភូ EU-ABC អំពីវិធានការថ្មីៗដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងឯករាជ្យភាព និងការប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោក Donald P. Kanak បានកោតសរសើរអំពីកំណែទម្រង់បស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ទាក់ទងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ដើម្បីសហការីរបស់លោកផ្សព្វផ្សាយបន្តដល់សមាជិក និងធុរជនដ៏ទៃទៀត នៅក្នុងសហគមន៍អឺរ៉ុប។

លោកប្រធាន EU-ABC រូបនេះ ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗនៅក្នុងប្រទេសកម្ពុជា រាប់ចាប់តាំងពីការបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យសំខាន់ៗដ៏ទៃទៀត និងបានបង្ហាញចេតនាចូលរួមអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងធម្យម (SMEs) ដើម្បី​ជំរុញការធ្វើសមាហរណកម្ម ចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងពិភពលោក។