ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តបាត់ដំបង យកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចសហគ្រាសធុនតូច និងតូចបំផុត


(បាត់ដំបង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូល នៅក្នុងខេត្តបាត់ដំបង យកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលខេត្ត ដែលរៀបចំឡើងនៅក្នុងសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានពន្យល់អំពីច្បាប់វិនិយោគកម្ពុជា ជាមួយតួនាទី និងភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តារាជធានីខេត្ត ក្នុងការចូលរួមពង្រឹងវិស័យសហគ្រាសធុនតូច និងតូចបំផុត តាមរយៈការផ្តល់សេវាសាធារណៈ, ការពិគ្រោះយោបល់, ការជួយសម្របសម្រួល, ការស្វែងរកទីផ្សារ, និងការធ្វើអន្តរាគមន៍នៅពេលតម្លៃមានការធ្លាក់ចុះ ជាដើម។

«នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) យើងមិនអនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលមកក្រសោបយកការងាររបស់សហគ្រាសធុនតូច និងតូចបំផុតបានឡើយ ជាពិសេសមុខរបរទាក់ទងសេវាកម្មតូចតាច ព្រោះវាអាចប៉ះពាល់ជីវភាពប្រជាជន ហើយនេះគឺជាកិច្ចការដែលមន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមុននឹងផ្តល់អាជ្ញាប័ណ្ណជូនអ្នកវិនិយោគទាំងនោះ» ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តន៍ ដើម្បីពង្រឹងស្ថិរភាពតម្លៃកសិផល និងផលិតកម្មរបស់សហគ្រាសធុនតូច និងតូចបំផុត ដូចជា ការបង្កើតគម្រោងសាកល្បង ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករ ទៅតាមតម្លៃទីផ្សារ, ការអនុវត្តន៍គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីបង្កើនផលិតភាពសម្រាប់ផលិតផលនៅក្នុងខេត្ត និងធ្វើការតភ្ជាប់ផលិតកម្មទាំងនោះទៅនឹងទីផ្សារ សំដៅធានាបាននូវស្ថិរភាពចង្វាក់ផលិតកម្ម និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ខិតខំប្រឹងប្រែងសិក្សាមុខជំនាញសំខាន់ៗមួយចំនួនដូចជា ភាសាអង់គ្លេស, កុំព្យូទ័រ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយ ជាដើម ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្ម នៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជា នៅក្រៅប្រទេស៕