ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ថាមន្រ្តីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវគោរពនូវអភិក្រមទាំង០៥ និងត្រូវគោរពទៅតាមក្រឹត្យក្រមនៃច្បាប់ ក្នុងការបំពេញការងារ


ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសំណូមពរដល់មន្ត្រីរាជការ ដែលបានប្រកាសតែងតាំងថ្មីនាពេលនេះ សូមមានស្មារតីទទួលខុសត្រូវលើភារកិច្ចការងារប្រចាំថ្ងៃ ដែលថ្នាក់ដឹកនាំប្រគល់ឱ្យបានល្អ និងសូមធ្វើការដោយមានកិច្ចសហការ ជាមួយថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីបង្កើននូវទំនាក់ទំនងល្អ ការសិក្សារៀនសូត្រ ដកស្រង់បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំង ប្រធាន-សមាជិកនិយ័តករទូរគមនាគមន៍ ទីប្រឹក្សា អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃទី0៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង
ឯកឧត្តម បន្តថាចំនុចសំខាន់ទៀតនោះគឺត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម ដោយដើរតួជាអ្នកដឹកនាំ សម្របសម្រួលការងារ និងធ្វើខ្លួនឱ្យបានជាគម្រូដល់មន្ត្រីថ្នាក់ក្រោម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ត្រាំ អ៊ីវតឹកលើកឡើងថាមន្ត្រីទាំងអស់ត្រួវគោរពនូវអភិក្រមទាំង០៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងត្រូវគោរពទៅតាមក្រឹត្យក្រមនៃច្បាប់ ដោយមានឥរិយាបថល្អក្នុងការបំពេញការងារប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ៕