ថ្ងៃអង្គារ ២កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឺងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់លេខ៣ សាលាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយ លោកស្រី ERDELMANN Francesca នាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី លោកនាយករងរដ្ឋបាល នាយករងទីចាត់ការអន្តរវិស័យ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូអមដំណេីរកម្មវិធីស្បៀងអាហារពិភពលោក ។
កម្មវិធីស្បៀងអាហារពិភពលោក(WFP) នៃអង្គការសហប្រជាជាតិ គឺជាអង្គការដ៏ធំមួយដែលប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងបានធ្វេីការទូទាំងពិភពលោក ដេីម្បីធានាថា គ្មានកុមារណាម្នាក់ដែលចូលគេងទាំងនៅឃ្លានអាហារឡេីយ ហេីយគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះទាំងអស់ជាពិសេស ស្រ្ដី និងកុមារ អាចទទួលបាននូវអាហារដែលមានអាហាររូបត្ថម្ភតាមតម្រូវការរបស់ពួកគេ។
ក្នុងនោះដែរ កម្មវិធីស្បៀងអាហារពិភពលោកបាន និងកំពុងអនុវត្តកម្មវិធីអាហារតាមសាលារៀននៅក្នុងខេត្តទាំង ៨ រួមមាន ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
គោលបំណង នៃជំនួបពិភាក្សាការងារនេះ គឺ៖
១-ដេីម្បីបង្កេីននូវលទ្ធភាពទទួលបានការអប់រំ ធានាបានការមករៀនទៀងទាត់ កាត់បន្ថយការបោះបង់សិក្សាថ្នាក់បឋមសិក្សា
២-កាត់បន្ថយភាពស្រេកឃ្លានរយៈពេលខ្លី
៣-ពង្រឹងការអភិវឌ្ឍន៍របស់កុមារ និងការចុះឈ្មោះចូលរៀនបានត្រឹមត្រូវតាមអាយុកំណត់
៤-បង្កេីនភាពជាម្ចាស់ដល់ថ្នាក់ជាតិ អភិវឌ្ឍន៍សមត្ថភាព និងលេីកកម្ពស់និរន្តរភាពសង្គម ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកាប្រធានប្រតិភូ និងក្រុមការងាររបស់អង្គការស្បៀងអាហារពិភពលោក(WFP) ទាំងអស់ដែលបានជួយទំនុបម្រុងឧបត្ថម្ភអាហារមកលេីស្រ្ដី និងកាមារកម្ពុជា ជាពិសេស សម្រាប់ការឧបត្ថម្ភកម្មវិធីអាហារដល់សាលាបឋមសិក្សាចំនួន ៤០៦ នៅក្នុងខេត្តសៀមរាប។
លោកស្រីនាយិកាអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តសៀមរាប និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជេីញប្រតិភូ និងមន្ត្រី នៃប្រទេសទាំង ៦០ លេីពិភពលោកដែលបានទទួលការឧបត្ថម្ភពីអង្គការស្បៀងអាហារពិភពលោក ដេីម្បីរៀបចំកិច្ចប្រជុំដ៏ធំមួយ នៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ហេីយខេត្តសៀមរាប គឺជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ៕