សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ


នៅព្រឹក ថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាចម្រើនរដ្ឋ សាលាបឋមសិក្សាព្រែកព្នៅ សាលាបឋមសិក្សាខារ៉ាហ្គិជិម៉ាសាហិរ៉ូ និងសាលាបឋមសិក្សាទួលអំពិល បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ” ក្នុងនោះក៏មានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាពក្នុងសាលានីមួយៗទទួលបាន ២០មួក និងចែកខិត្តបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ។
បន្ទាប់ពីបញ្ចប់វគ្គទ្រឹស្តីនេះរួច សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់បានចូលរួមហ្វឹកហាត់ និងអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវនៅទីលានដែលបានរៀបចំក្នុងបរិវេនរបស់សាលាបឋមសិក្សានីមួយៗធ្វើជាគំរូសម្រាប់សិស្សានុសិស្សយកទៅអនុវត្តក្នុងពេលឆ្លងផ្លូវ។