ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េបានលើកឡើងពីការពង្រឺង និងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េឲ្យកាន់តែល្អជាពិសេសលើវិស័យបរិស្ថាន


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េបានលើកឡើងពីគោលបំណងពិនិត្យមើលការពង្រឺង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឲ្យកាន់តែល្អប្រសើរ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថាប្រទេសកម្ពុជាមានការផ្លាស់ប្តូរនិងរីកចម្រើនយ៉ាងខ្លាំង គឺទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយនឹងស្ថិរភាពនយោបាយ និងសុខសន្តិភាព។ ខេត្តព្រះសីហនុ កំពុងមានសន្ទុះក្នុងការអភិវឌ្ឍខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានគិតគូរលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព មិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន។ ដូចជានៅខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ដោយនិរន្តរភាព គឺផ្តោតលើការការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ជាទីក្រុងស្អាត ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ។

ក្នុងឱកាសនោះ ឯកឧត្តម Oh Nak Young បានបញ្ជាក់ពីគម្រោងផ្តល់បច្ចេកទេស លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព ដែលក្នុងនោះក្រុមការងារនៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ និងមានកិច្ចសហការគ្នាដើម្បីរៀបចំផែនការ បានល្អ។

សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ និង ឯកឧត្តម Oh Nak Young ក៏បានពិភាក្សាគ្នាផងដែរទាក់ទងនឹងកិច្ចសហការលើការអភិរក្សជីវៈចម្រុះនៅកម្ពុជា។