ពិធី​សម្ពោធ​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដំបូង​គេ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ អគារ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​សូត្រខ្មែរ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​តាម​បែប​វិទ្យាសាស្ត្រ។ ដោយ​មាន​ពីរ​គោលដៅ ទីមួយ របស់មជ្ឈមណ្ឌល គឺស្រាវជ្រាវ និងផលិតឲ្យបាននូវពូជដង្កូវនាង ដែលមានសុខភាពល្អ និងអាចផលិតបានសរសៃសូត្រវែង និងគុណភាពខ្ពស់ ហើយចែកចាយទៅឲ្យកសិករ តាមរយៈកសិករបង្គោល ដែលបានជ្រើសរើស។ ទីពីរ គឺធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងសរសៃសូត្រ ដើម្បីផលិតនូវផលិតផលនានា ដូចជាសាប៊ូគ្រឿងសម្អាង និងអាហារបំប៉នជាដើម។

ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ បាន​ប្រារព្ធ​ឡើង​ក្រោមអធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ពុធ ០៣កើត ខែ​ជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕