អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មការដឹកនាំការងារសម្បទានដីសង្គមកិច្ច ជូនគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មការដឹកនាំការងារសម្បទានដីសង្គមកិច្ច ជូនគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារក្រីក្រ ក្នុងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ច៖
-ដឹកនាំ និងគ្រប់គ្រងអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច
-ធ្វើបច្ចុប្បន្នភាពផ្ទៃដីសម្បទានដីសង្គមកិច្ច ក្នុងស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង
-កំណត់មុខសញ្ញា ទទួលដីពីគម្រោងសម្បទានដីសង្គមកិច្ច
-កំណត់ការបែងចែក និងការទទួលដីសម្បទានដីសង្គមកិច្ច
-ទទួលដោះស្រាយលើបញ្ហាវិវាទផ្សេងៗ ក្នុងពេលដំណើរការ
-កោះប្រជុំសមាជិកគណៈកម្មការ និងសមាជិកពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចូលរួមដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានចូលមកដល់សាលាខេត្តដោយផ្ទាល់ បានជាច្រើនករណីផងដែរ៕