ក្រសួងបរិស្ថានរៀបចំកម្មវិធីក្តីសុបិន្ត ចែករំលែកនូវភាពសប្បាយរីករាយ បង្កើនទំនាក់ទំនង និងចំណងសាមគ្គីភាព


ដើម្បីចូលរួមអបអរសាទរទិវាកុមារជាតិ និងអន្តរជាតិ ១មិថុនា ក៏ដូចជាទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធីក្តីសុបិន្ត នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅអគារខេមរានី ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ និងមានការចូលរួមពីសិស្សានុសិស្ស ព្រមទាំងកុមារដែលជាកូនចៅរបស់មន្ត្រីរាជការនៃក្រសួងបរិស្ថាន និងស្ថាប័នជាច្រើនទៀត។
ការរៀបចំកម្មវិធីនេះក្នុងគោលបំណងអបអរសាទរទិវាកុមារជាតិនិងអន្តរជាតិ ១ មិថុនា បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារតូចៗតាមរយៈការតាំងពិព័រណ៌បច្ចេកវិទ្យាការងារ ការផាត់ពណ៌លើរូបភាព សត្វ និងរុក្ខជាតិ ព្រមទាំងលើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព។

កម្មវិធីក្តីសុបិន្តមិនត្រឹមតែបានចូលរួមចែករំលែកនូវភាពសប្បាយរីករាយ បង្កើនទំនាក់ទំនង និងចំណងសាមគ្គីភាពជាមួយគ្នា ក្នុងចំណោមឪពុកម្តាយកុមារ និងកុមារនិងកុមារទេ កម្មវិធីក្តីសុបិន្តនេះរៀបចំឡើងដោយសកម្មភាពជាច្រើន ដើម្បីបណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារ តាមរយៈ ការប្រឡងប្រណាំងគំនូរផាត់ពណ៌ និងការផ្គុំរូបភាព ការទស្សនាការដាក់តាំងបង្ហាញសំណាកសត្វ និងវីដេអូ (ឯកសារជីវចម្រុះ) ទស្សនាការដាក់តាំងបង្ហាញផ្ទាំងរូបភាពអប់រំ ការសម្តែងសិល្បៈ«ល្ខោនខោល» ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ ការប្រគំតន្ត្រី និងចម្រៀងកុមារ ការជិះឡានប្រណាំង ឆ្លងកាត់វាលខ្សាច់ ការសម្តែងសិល្បៈសៀ ការចូលរួមលេងល្បែងកម្សាន្តផ្សេងៗជាច្រើនទៀត។

កម្មវិធីដ៏សម្បូណ៌បែបនេះក៏ជាផ្នែកមួយក្នុងការបំផុសភាពក្លាហានរបស់កុមារឱ្យហ៊ានបញ្ចេញនូវការយល់ដឹងពីកំណើត និងបង្កើនទំនាក់ទំនងសាមគ្គីភាពរវាងមន្ត្រីរាជការ និងកូនៗមន្ត្រីរាជការផងដែរ។