មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តសៀមរាប និងខេត្តព្រះវិហារ នាំអំណោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទៅប្រគល់ជូនកងទព័វរសេនាតូច ការពារព្រំដែនលេខ៣៩៥


(ព្រះវិហារ)៖ អំណោយជាសម្ភារមួយចំនួនធំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប និងខេត្តព្រះវិហារ យកទៅប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចការពារព្រំដែនលេខ៣៩៥ នៃកងពលតូចអន្តរាគមន៍លេខ៩ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានមតិសំណេះសំណាលទៅកាន់នាយទាហាន ពលទាហាន នាឱកាសនោះ ឯកឧត្តម ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប តំណាងឲ្យមន្ទីរសេដ្ឋកិច្ចខេត្តព្រះវិហារ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់នាយទាហាន និងពលទាហានទាំងអស់។ ឯកឧត្តមក៏បានឲ្យដឹងថា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបាននូវសុខសន្តិភាពយ៉ាង ពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យ។

ឯកឧត្តមថា ទាំងនេះពិតជាមិនអាចកាត់ផ្ដាច់បាន ពីវីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ព ដែលឈរជើងការពារនៅសមរភូមិមុខ និងបានធ្វើពលិកម្មដ៏ធំធេងហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដើម្បីបុព្វហេតុកាពារជាតិ សុខសន្តិភាព និងសុវត្តិភាពជូនជាតិមាតុភូមិ ព្រមទាំងជនរួមជាតិ ទូទាំងប្រទេសឲ្យរស់នៅយ៉ាងសុខសាន្ត។ ឯកឧត្តមក៏បានបន្តទៀតថា សម្មភាពចុះសួរសុខទុក្ខនាពេលនេះ គឺជាការផ្សាភ្ជាប់នូវស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ដើម្បីចូលរួមចំណែកចែករំលែក និងសម្រាលការលំបាកនានា ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។

គួរបញ្ជាក់ថា សម្ភារដែលបានយកមកប្រគល់ជូននាពេលនេះ រួមមានប្រេងសាំង១៥០០លីត្រ ប្រងម៉ាស៊ុត១៥០០លីត្រ អង្ករ២តោន ផ្ទាំងសូឡាធំ២កំប្លេ កុំទ្យូទ័រLaptop២គ្រឿង ម៉ាស៊ីនព្រីនធ័រ និងថតចម្លង ១គ្រឿង ខ្សែរភ្លើង(២X១.៥)៥ដុំ អំពូលភ្លើងLED(១.២m)១០ដើម ស័ង្កសី(២m)ចំនួន១៥០០សន្លឹក ស៊ីម៉ង់៥តោន ម៉ាស៊ីនភ្លើង (២៤សេស) ចំនួនមួយកំប្លេ ថ្នាំលាបU90(លាបឈើ) ២០ធុង ម៉ូទ័រទម្លាក់ អណ្ដូងចំនួន២គ្រឿង គ្រាប់ពូជបន្លែគ្រប់មុខមួយកញ្ចប់ស្មើ និង២០ក្រាម និងគ្រាប់ត្រកួនចំនួន៥គីឡូក្រាម៕