ប៉ៃលិន៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត, ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែរប្រវែង ១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចូលសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូល ក្នុងការផ្តល់សេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការស្ថាបនាផ្លូវបេតុងនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ដំណើរការនៃការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលឃុំ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព មានការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងលើកស្ទួយកម្រឹតជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែរ ចូលសាលាឃុំស្ទឹងកាច់ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាពេលនេះ មានប្រវែង ១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត និងបញ្ចប់ការស្ថាបនានៅដំណាច់ខែមិថុនានេះ។