ក្រសួងបរិស្ថាន ផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន នៅខេត្តកោះកុង


ក្រសួងបរិស្ថាន សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរខេត្តកោះកុង និងមានការគាំទ្រពីក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” រៀបចំកម្មវិធីដាំកូនឈើ និងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន នៅតាមសាលារៀនក្នុងខេត្តកោះកុង។ ក្នុងពិធីបើកព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នាវិទ្យាល័យកោះកុងខេត្តកោះកុង លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកថា កម្មវិធីដ៏មានសារៈសំខាន់ ដើម្បីជំរុញការលើកកម្ពស់ការយល់ដឹង និងចូលរួមថែររក្សា អភិរក្សធនធានធម្មជាតិ និងបរិស្ថានក៏ដូចជាបញ្ជ្រាបនូវការយល់ដឹងពីវិធានការណ៍នានាដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាជីវិតនៅលើភពផែនដីយើងនេះ។
លោកជំទាវ បានបន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះ ការដាំដុះកូនឈើឡើងវិញ គឺជាវិធានការណ៏ដ៏មានប្រសិទ្ធិភាពក្នុងការរក្សាបាននូវលំនឹងបរិស្ថានព្រោះថា៖ “ព្រៃឈើគឺជាសរីរាង្គសួតនៃភពផែនដីរបស់យើង” ហើយព្រៃឈើគឺជាប្រភពដែលមិនចេះរីងស្ងួតក្នុងការថែររក្សា នូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយសុខភាពរវាងជីវិតមនុស្ស សត្វ រុក្ខជាតិ និងធម្មជាតិ។ ការដាំដើមឈើនឹងជួយកាត់បន្ថយនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុតាមរយៈការស្រូបយកនូវឧស្ម័នកាបូនឌីអុក-ស៊ីត ចេញពីបរិយាកាស និងបញ្ចេញមកវិញនូវអុកស៊ីសែនដើម្បីកាត់បន្ថយនូវការបំពុលខ្យល់។ ក្នុងឱកាសនេះដែរ លោកជំទាវ ព្រំ សុភី លើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សចូលរួមស្រឡាញ់ព្រៃឈើ និងចូលរួមការពារ និងអភិរក្សជីវៈចម្រុះ ដើម្បីការអភិវឌ្ឍដោយចីរភាព និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងសម្រាប់ខ្លួនយើង និងក្មេងៗជំនាន់ក្រោយ។

សូមបញ្ជាក់ថា ដើម្បីកម្ពុជាកាន់តែស្រស់បំព្រង មានភាពបៃតង និងប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដើម្បីដាំកូនឈើ ៥៧០ ដើមនៅតាមសាលារៀននានានៅក្នុងខេត្តកោះកុង។