លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីភាព ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក


ថ្ងៃពុធ ១០ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ June 12, 2019 លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈបាលខេត្ត កោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក អភិបាលរងខេត្តកោះកុង លោកអភិបាលស្រុក លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកលោកស្រី ប្រធានអនុប្រធានការិយាល័យជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីឧទ្យានុរ័ក្ស សសយក ស្រុកបូទុមសាគរ បងប្អូនប្រជាពលរដ្ឋ ប្អូនៗ សិស្សានុសិស្ស យុវជនកាកក្របាទក្រហមកម្ពុជាស្រុកបូទុមសាគរ សរុប ចំនួន ៣២១ នាក់ ស្រី ៦៨ នាក់ ដាំកូនកោងកាង ចំនួន ១០.០០០ ដើម។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាមនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការទទួលយកពីធម្មជាតិ នូវខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល និងសមធម៌ក្នុងការបែងចែកភពផលពីធម្មជាតិ ហើយមនុស្សម្នាក់ៗមានសិទ្ធិចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព ទាំងបរិមាណ ហើយត្រូវចាត់ទុកថា ការរស់នៅប្រកបដោយចីរភាព ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាន ជាភារកិច្ចយើងទាំងអស់គ្នា។ សេចក្តីសង្ឃឹមប្រាកដជាមានតិចតួចណាស់ប្រសិនបើការងារនេះខ្វះការចូលរួមពីប្រជាពលរដ្ឋយើង ផ្ទុយទៅវិញ វាជាជោគជ័យប្រសិនបើសហគមន៍ ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។
មនុស្សភាគច្រើនលើសលប់ចង់បានគុណភាព នៃការរស់នៅបានល្អប្រសើរជាងមុនទាំងការហូបចុក ទាំងការរស់នៅដែលមានសុខភាព។ តែអ្វីដែលយើងកំពុងជួបប្រទះបច្ចុប្បន្ននេះ ធ្វើការថយចុះនូវគុណភាពបរិស្ថាន ដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្ស។ ទិសស្លោកបរិស្ថានរៀងរាល់ឆ្នាំ បានអះអាងបញ្ជាក់យ៉ាងច្បាស់ថា បរិស្ថានធម្មជាតិ នៃភពផែនដីយើងកំពុងរស់នៅក្នុងភាពរងគ្រោះពុំមានស្រាកស្រាន្តហើយវាពុំអាចមានឱកាសរីកលូតលាស់ និងមានដំណើរការប្រព្រឹត្តទៅតាមបែបធម្មជាតិរបស់វាបានឡើយ មានជាអាទិ៍ការធ្វើអាជីវកម្មព្រៃឈើហួសកម្រិត ការបំពុលទឹក ការបំពុលខ្យល់ ដែលជាមូលហេតុយ៉ាងចម្បងនាំឲ្យកើតមានការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ដូចជាក្តៅហួតហែង ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត និងឆេះព្រៃជាដើម។ ធម្មជាតិភាគច្រើនមានកម្រិត ដូច្នេះយើងទាញផលពីបរិស្ថានធម្មជាតិច្រើនពេកវានឹងអស់នៅថ្ងៃណាមួយ។

ការបញ្ចេញកាកសំណល់ច្រើនហួសទៅក្នុងបរិស្ថានជះឥទ្ធិពលវិជ្ជមានដែរ។ ការគ្រប់គ្រងពុំទាន់បាននូវសំណល់រឹង សំរាម សំណល់រាវនៅតាមបណ្តាក្រុង ស្រុក ក៏ជាបញ្ហាបន្ទាន់និងចំពោះមុខដែរ។ ការចោលសំរាម តាមប្រព័ន្ធលូទឹកស្អុយ ផ្លូវថ្នល់ ទីផ្សារសាធារណៈ និងការដឹកសំដើមទៅចាក់ចោលភូមិចំគោលដៅកំណត់ ធ្វើឲ្យទីប្រជុំជនបាត់សោភ័ណភាពប៉ះពាល់ដល់មោទនភាពរបស់ខេត្តយើងដែលជាខេត្តទេសចរណ៍និងជាផ្លូវដែលភ្ញៀវឆ្លងកាត់៕