នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ប្រធានអង្គភាពជុំវិញខេត្ត លោកលោកស្រី អភិបាលក្រុង ស្រុក សរុបចំនួនប្រមាណជាង៣០០នាក់ ។
ឯកឧត្តម កែន សត្ថា អភិបាល នៃគណ អភិបាលខេត្ត បានធ្វេីរបាយការណ៍ស្វាគមន៍ ដោយបានបង្ហាញពីសមិទ្ធផលធំៗដែលសម្រេចបានជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាពិសេសបានចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អ។
ឯកឧត្តមក៏បានបន្ថែមទៀតថាក្នុងរយៈ៥ឆ្នាំអាណត្តិទី២ ក្រុមប្រឹក្សាខេត្តកែបកន្លងមកនេះ គណៈអភិបាលខេត្តបានសហការជាមួយក្រុមប្រឹក្សាបានយ៉ាងល្អ លេីកិច្ចការរដ្ឋបាល និងកិច្ចការអភិវឌ្ឍនានាក្នុងខេត្ត ។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ សមាជិកក្រុមប្រឹក្សាខេត្ត មានចំនួន ១៥រូប ក្នុងនោះស្រីមានចំនួន០១រូបនិងក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន២៦រូប ក្នុងនោះស្រី០៤រូប ដែលមានអង្គរបោះឆ្នោតសរុបចំនួន៣១រូប ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ ឯកឧត្តម សំ សារីន ត្រូវបានត្រាស់បង្គាប់តែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តកែបអាណត្តិទី៣ និងសមាជិកចំនួន១៥ រូបក្នុនោះស្រីចំនួន០១រូប ។
ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន គោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ជិន ប៊ុនស៊ាន មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តកែប ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ ហេតុនេះក្រុមប្រឹក្សាខេត្ត ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និងប្រកាន់និន្នាការនយោបាយណាឡេីយ ។
ឯកឧត្តម បានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡេីង ។