ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣


ប៉ៃលិន៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ ចំនួន ១៥រូប ដែលត្រូវបានរៀបចំឡើងនៅសាលាខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ, សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត, ថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក,អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត សរុបចំនួនប្រមាណ ជាង ៥០០នាក់។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានរាយការណ៍ជូនអង្គពិធីជ្រាប អំពី សភាពការណ៍ទូទៅ, ការអភិវឌ្ឍលើគ្រប់វិស័យនិងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាល ខេត្ត សម្រេចបាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២, រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ដោយមានការចូលរួមយ៉ាង សកម្មពីកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត, ដោយធានាបានយ៉ាង ល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយកិច្ចដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និង យុត្តិធម៌ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នថ្នាក់ជាតិ មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលតែងតែផ្ដល់នូវការឧបត្ថម្ភគាំទ្រ ជ្រោមជ្រែងសហការ ដល់តម្រូវឲ្យផ្ដល់តម្លៃ និងចូលរួម អនុវត្តន៍ការងារ ដោយឈរលើស្មារតី សាមគ្គីភាពមិត្តភាព ឯកភាពផ្ទៃក្នុងអាណត្តិទី២ នៃក្រុមប្រឹក្សា នាពេលកន្លងមក ធ្វើឲ្យកិត្យានុភាពរដ្ឋបាលខេត្តប៉ៃលិន កាន់តែត្រូវបានលើក កម្ពស់ និងសូមបន្តចូលរួមសហការ ឱ្យបានកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត។

ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៣ និង តំណាងឱ្យក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបប្រកាសចូលកាន់មុខតំណែងបានប្តេជ្ញាចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងរដ្ឋបាល ខេត្តឱ្យមានម្ចាស់ការក្នុងការ គ្រប់គ្រងនិងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព, តម្លាភាពនិងគណនេយ្យ ភាព, ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុម ប្រឹក្សាខេត្តប៉ៃលិន ដែលត្រូវបានតំណាងប្រជាពលរដ្ឋ, គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ដើម្បីបន្តដឹកនាំខេត្តកណ្តាលឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បីបង្កើត ក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើ ប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹងនិងពង្រីក ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការ ផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និង វិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្រប ពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់ មូលដ្ឋាន ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ក្រើន រំលឹកឱ្យក្រុមប្រឹក្សា ខេត្តប៉ៃលិនអាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ត្រូវ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូលស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់និងលិខិត បទដ្ឋាន គតិយុត្តជាធរមានបានកំណត់, និងត្រូវយកចិត្តទុក ដាក់លើកិច្ចការអាទិភាពមួយ ចំនួន ដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំសម្រាប់ខេត្ត, ការបន្តចូលរួមអនុវត្ត កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ការផ្តល់សេវាសាធារណៈនិងការ ដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន, និងការធានាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា៖ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៧៦៧ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ សមាសភាពក្រុមប្រឹក្សាខេត្តប៉ៃលិន អណត្តិទី៣ មានចំនួន១៥នាក់ គឺឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកចំនួន ១៤រូប មាន៖ ១-ឯកឧត្តម ជា ចាន់ឌិន ២-លោកជំទាវ ពៅ សុខ ៣-ឯកឧត្តម ឃុន វណ្ណៈ ៤-ឯកឧត្តម ខាត់ សុគឿន ៥-ឯកឧត្តម សួស ស៊ីយ៉ាត ៦-លោកជំទាវ សុខ សារី ៧-ឯកឧត្តម រៀម សុមាន ៨-ឯកឧត្តម ឌឹន គឹម ៩-ឯកឧត្តម អ៊ី ហឿន ១០-ឯកឧត្តម ឈៀង អ៊ិត ១១-ឯកឧត្តម សុទ្ធ ឃុនថាល ១២-ឯកឧត្តម សរ វិ ១៣-លោកជំទាវ ឃី ស៊ីណេ និង១៤-ឯកឧត្តម ណុប សិរីយុទ្ធ។