ពលរដ្ឋងាយរងគ្រោះជិត៣០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា សាខាខណ្ឌឫស្សីកែវ


ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាងាយរងគ្រោះចំនួន២៨គ្រួសារ មកពីភូមិចំនួន៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ទទួលបានអំណោយជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា សាខាខណ្ឌឫស្សីកែវ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងប្រធានកិត្តិយស ឯកឧត្តម ជា ពិសី បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើមន្ត្រីកាកបាទក្រហមទាំងអស់ធ្វើយ៉ាងណា ដាក់ឲ្យចំគោលដៅ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះតាមមូលដ្ឋាននៅទូទាំងប្រទេស។

ក្នុងសកម្មភាពមនុស្សធម៌នេះ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ពីបណ្ដាញអនុសាខាកាកបាទក្រហមកម្ពុជា សង្កាត់ ក៏ដូចជាសាខាភូមិថា មានប្រជាពលរដ្ឋកំពុងរស់នៅជួបការខ្វះខាត ទើបអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានផ្ដួចផ្ដើមរិះរកដំណោះស្រាយ ក្នុងការនាំទាំងគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីមកឧបត្ថម្ភជូន ទៅតាមលទ្ធភាពដែលអាចធ្វើបានប៉ុណ្ណោះ ដើម្បីឆ្លើយតបតាមអនុសាសន៍ ដឹកនាំចង្អុលបង្ហាញចំគោលដៅរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា ចំពោះអំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បាននាំយកមកឧបត្ថម្ភជូនប្រជាពលរដ្ឋងាយរងគ្រោះ នាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, ទឹកស៉ីអ៉ីវ១យួរ, ទឹកត្រី១យួរ, ឃីត១កញ្ចប់ (គ្រឿងឧបភោគបរិភោគ៦មុខ) និងថវិកាចំនួន៣ម៉ឺន៕