ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ, លោក ឃួង ស្រេង ប្រកាសប្រមូលបញ្ហាប្រឈមនានាពីគ្រប់ភូមិ-សង្កាត់ ដើម្បីបង្កើនប្រសិទ្ធិភាពដោះស្រាយទុក្ខកង្វល់ជូនប្រជាពលរដ្ឋ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសឲ្យរៀបចំវេទិកាសាធារណៈបានគ្រប់ខណ្ឌសង្កាត់ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីប្រមូលបញ្ហាសម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យមាន ប្រសិទ្ធភាព។ ឯកឧត្តមថា អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះបើកវេទិកាសាធារណៈភ្លាមៗ នៅតំបន់សង្កាត់ខណ្ឌណា ដែលមានបញ្ហាប្រឈមថ្មីៗកើតឡើងច្រើន ហើយបើកឲ្យប្រជាពលរដ្ឋចូលរួម ដោយសេរីដោយពុំចាំបាច់មានលិខិតអញ្ជើញឡើយ ក្នុងការលើកពីទុក្ខកង្វល់ជាក់ស្ទែងរបស់ខ្លួនទៅកាន់អាជ្ញាធរ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ លោកបានអះអាងថា ការបើកវេទិកា សាធារណៈភ្លាមៗនៅតំបន់ដែលមានជួបញ្ហាប្រឈមដោយគ្មានការជូនដំណឹងទៅអាជ្ញាធរខណ្ឌសង្កាត់ជាមុននេះ គឺដើម្បីចង់បានព័ត៌មាន និងទុក្ខកង្វល់ពិតពីប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទំាងនោះ ទៅដោះស្រាយឲ្យចំទិសដៅ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចាត់ទុកការរៀបចំវេទិកាសាធារណៈ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ ហើយបានដឹងពីតម្រូវការថ្មីៗ របស់ប្រជាពលរដ្ឋដែលចង់ឲ្យអាជ្ញាធរជួយដោះស្រាយ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា «វេទិកាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើគ្រប់ពេលវេលានៅពេលដែលដឹងថា កន្លែងណាមានបញ្ហាកើតឡើង ចឹងការប្រឈមចៅសង្កាត់ អភិបាលខណ្ឌ ត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខ្ញុំមិនប្រាប់ទីតំាងណា ឬរើសមនុស្សពីឆ្ងាយទេគឺនៅទេ បើឲ្យរើសមនុស្សពីឆ្ងាយមកយកតែអត់មានបញ្ហាមក យើងអត់បានព័ត៌មានពិត ទៅទីណាធ្វើនៅទីនោះ ប្រាប់តែ ២ថ្ងៃមុន អត់បាច់លិខិតអញ្ជើញមានបញ្ហាអ្វីលើកឡើង នេះជាកិច្ចការមួយដែលតម្រង់ទិសបំរើប្រជាពលរដ្ឋ សម្រាប់តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ»

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុប្រឹក្សាខណ្ឌព្រែកព្នៅ ដែលទើបតែតំាងថ្មី ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា និងគណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។

ការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅមូលដ្ឋាន មានការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់។

សូមបញ្ជាក់ថា លោក ម៉ៅ បូរ៉ា ត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អមដោយមានសមាជិកចំនួន ១៧រូប៕