ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងអាណត្តិទី៣


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ក្រុងកំពង់ឆ្នាំងរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ប្រធានអង្គភាពជុំវិញក្រុង លោកលោកស្រីចៅសង្កាត់ទាំង៤សរុបចំនួនប្រមាណជាង១០០នាក់។

លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ដោយគូសបញ្ជាក់ថាៈក្នុងរយៈ៥ឆ្នាំគណៈអភិបាលក្រុងបានសហការល្អជាមួយក្រុមប្រឹក្សាដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ទទួលបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗនិង លុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួនដើម្បីធានាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អ ។

លោកម៉ុន វត្ថានាយកទីចាត់ការហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងតាមអនុក្រឹត្យ៦០៥អនក្រតតចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង អាណត្តិទី៣ មានចំនួន១៥នាក់ក្នុងនោះស្រីចំនួន៣រូប។

លោកឡុង សាងៀមប្រធានក្រុមប្រឹក្សាក្រុងទើបតែប្រកាសចូលកាន់តំណែងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តថាៈខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹង ប្តេជ្ញា គោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប្តេជ្ញា ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ប្តេជ្ញា អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំក្រុងកំពង់ឆ្នាំងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និងប្រកាន់និន្នាការនយោបាយ។

ឯកឧត្តម អម សុភា បានថ្លែងបន្តថាៈការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងក្រុងដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។