ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តត្បូងឃ្មុំ ពិភាក្សាបង្កើតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា បង្កើតសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីជំរុញឲ្យចរន្តពាណិជ្ជកម្មខេត្តត្បូងឃ្មុំ កាន់តែមានសន្ទុះកើនឡើង ក៏ដូចជាសហការជាមួយបណ្តាខេត្តនានាទូទាំងប្រទេស ដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្រោយសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងផងដែរ។

ក្នុងកិច្ចប្រជុំដ៏មានសារ:សំខាន់ វិស័យពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី ព្រមទាំងបេក្ខភាពឈរឈ្មោះប្រមាណ១៧រូប ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត មន្ត្រីសាលាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធ សរុបជាង៤០នាក់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកបង្ហាញពី GDP របស់ប្រជាពលរដ្ឋ ដែលមានកំណើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសស្ថានភាពទំហំពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួល ច្រើនសម្រាប់ការចរាចរ ព្រោះខេត្តត្បូងឃ្មុំមានព្រំដែនជាប់ប្រទេសជិតខាង មានច្រកធំៗដល់ទៅ៧ច្រក ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រស័យ ស្របទៅនឹងស្ថានភាពខេត្តនេះ ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។

ក្រោយពីមានឯកឧត្តមអភិបាលខេត្តបានពន្យល់ពីនីតិវិធីលិខិតបដ្ឋានគតិយុទ្ធនានា នៃការបង្កើតសភាពាណិជ្ជកម្មក្នុងខេត្តត្បូងឃ្មុំ ពីសំណាក់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម គណ:អធិបតីទាំង២រូប ក៏បានសង្ឃឹមថា អ្នកចូលរួមទាំងអស់បានយល់ពីនីតិវិធី ក៏ដូចជាអត្ថប្រយោជន៍យ៉ាងច្រើន ពីការបង្កើតសភាពាណិជ្ជកម្មនេះឡើងផងដែរ។

មួយវិញទៀតគឺ ដើម្បីជំរុញឲ្យសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវបានសម្រេចចេញជាផ្លូវការ ក្នុងការសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្តកាន់ តែមានសន្ទុះទ្វេរឡើង ដែលផ្តល់លក្ខណ:ងាយស្រួលដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសក៏ដូចជា ប្រជាពលរដ្ឋពិសេសក្នុងគោលបំណងធំ លើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕