ប្រមុខរាជរដ្ឋាភិបាលអំពាវនាវកុំឱ្យសិល្បៈជនពិការក្លាយទៅជាឧបករណ៍ នៃអ្នកនៅពីក្រោយខ្នង


ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦– សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវ ឱ្យអ្នកភ្លេងអ្នកចម្រៀង នៃជនពិការកុំក្លាយជាឧបករណ៍ អ្នកនៅពីក្រោយខ្នង ឱ្យសោះគឺត្រូវម្ចាស់ការ។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងទិវាជនពិការលើកទី១៨ និងទិវាជនពិការ អន្តរជាតិ លើកទី៣៤ ក្រោមប្រធានបទ «ផ្ដល់អាទិភាពនិងសិទ្ធិអំណាចដល់ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលមហោស្រពកោះពេជ្រ។
ឯកឧត្ដម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថាតាមរយៈ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានការងារជាច្រើន លើវិស័យពិការភាពមានដូចជា ការបង្ការទប់ស្កាត់ពិការភាព និងជនពិការដោយសារមីន និងជំងឺស្វិតដៃជើង លុបបំបាត់តាំងពី ឆ្នាំ១៩៩៨។
នៅឆ្នាំ២០១៦នេះ មានជនពិការសរុបចំនួន ២៥៧៦នាក់ បានបម្រើការងារក្នុងនោះ មានចំនួន៣៥០នាក់ ចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ចំនួន២០៧២នាក់។ នៅឆ្នាំ២០១៦នេះដែរ ជនពិការចំនួន ២១៥៥៤នាក់ បានទទួលសេវាស្ដារ លទ្ធភាពពលកម្ម កាយសម្បទាដោយឥតគិតថ្លៃ។
មកដល់ឆ្នាំ២០១៦នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការ ដៃគូបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបង្កើតមុខរបរដល់ជនពិការបានចំនួន ១៧១២៣នាក់ សង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន ២៩៦៥ខ្នង។
សម្ដេចតេជោមានប្រសាសន៍ថា ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍលើវិស័យពិការភាព ឱ្យបានខ្លាំងក្លា បន្ថែមទៀត សូមស្នើឱ្យគ្រប់ក្រសួងស្ថាប័ន ព្រមទាំអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំ ការបង្កលក្ខណៈងាយស្រួលចេញចូល នៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទ ដូចជាចំណត យានយន្តពិសេសសម្រាប់ជនពិការ ធ្វើជម្រាល ការបំពាក់ឧករណ៍ ភ្នាក់ដៃនៅតាមបន្ទប់ទឹក និងការដាក់ ស្លាកសញ្ញានៅតាមក្រសួងស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។
ស្ថាប័នរបស់រដ្ឋត្រូវ ធ្វើកិច្ចការងារនេះមុនគេ ដើម្បីជំរុញឱ្យវិស័យឯកជនអាចធ្វើបាន។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការ ផ្លាស់ប្ដូរទីតាំង ទីលានប្រជាធិតេយ្យ ទៅដាក់នៅសួនច្បារគីឡូម៉ែត្រលេខ៦ទល់មុខឃ្លាំង ស្តុកសាំងសូគីម៉ិច។
ក្នុងឱកាសនោះសម្ដេចតេជោ បានថ្លែងថា “ដើម្បីសម្រួលដល់ ជីវភាពជនពិការ ខ្ញុំសម្រេចផ្តល់ទីតាំង រមណីយដ្ឋាន ”វត្តភ្នំ” ដែលមានសន្តិសុខល្អ សម្រាប់ក្រុមពិការមាន ឱកាសសម្តែងសិល្បៈ នៅក្នុងរាជធានីភ្នំពេញ។
ខ្ញុំសូមអំពាវនាវបងប្អូនកូនក្មួយ ពិការកុំទៅសម្តែងនៅតាមដងផ្លូវ ឬនៅក្នុងទីផ្សារតូចចង្អៀត ដែលអាចបង្កបញ្ហាសណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ សូមក្មួយៗពិការរួមគ្នាខ្ញុំ នឹងជួយទំនុកបម្រុង ឧបករណ៍តន្រ្តីឱ្យបានល្អ សមរម្យ ដល់ក្មួយៗសម្រាប់សម្តែង”។
សម្ដេចតេជោបានថ្លែងបន្តថា “ខ្ញុំសូមអរគុណក្រសួង ស្ថាប័នពាក់ព័ន្ឋទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងអង្គការ សមាគម និងវិស័យឯកជននានា ដែលបានរួមចំណែកលើកស្ទួយនិងអភិវឌ្ឍន៍ជនពិការ។
ទន្ទឹមនឹងនេះសូមបណ្តាញសារព័ត៌មាន ជួយផ្សព្វផ្សាយអំពីជនពិការ ឱ្យបានទូលំទូលាយ រួមទាំងដាក់ អក្សរសញ្ញានៅលើកញ្ចក់ទូរទស្សន៍ជាដើម” ។
សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងអះអាងថា ការកម្ពុជាប្រារព្ធទិវាជនពិការកម្ពុជាទី១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤នេះឡើងដើម្បីបង្ហាញ ពីការគាំទ្រជនពិការ និងរំលឹកអំពីការតស៊ូទាមទារសិទ្ធិនៃជនពិការជាង ៥លាននាក់នៅក្នុងពិភពលោក។
ចំពោះកម្ពុជា គឺដោយសារសង្រ្គាមនិងរបបវិនាសកម្មប៉ុលពតគឺបានបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារ កំព្រានិងជនពិការយ៉ាងច្រើន។
រាជរដ្ឋាបាលកម្ពុជាបានយកចិត្តទុកដាក់ផ្តល់កម្មសិទ្ធិ ដីធ្លី និងផ្ទះសម្បែងដើម្បីជួយជនពិការ និងក្រុមគ្រួសារ បានទទួលសេវាសង្គមដូចៗគ្នា ដោយគ្មានការរើសអើង៕