ឯកឧត្តម នេត្រ ភក្ត្រា៖ អំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមនិងសហការគ្នាថែរក្សានិងអភិរក្សទន្លេមេគង្គនិងការពារប្រព័ន្ធអេកូឡូស៊ី


«ដើម្បីធ្វើឱ្យទន្លេមគង្គមាននិរន្តរភាពនិងសុខុមាលភាព ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋទាំងអស់ ចូលរួមនិងសហការគ្នាថែរក្សានិងអភិរក្សទន្លេមេគង្គនិងការពារប្រព័ន្ធអេកូឡូស៊ីដ៏សម្បូណ៌បែបក្នុងនោះសូមបងប្អូនកុំបំពុលប្រភពទឹក កុំចោលសំរាមជាពិសេសថង់ប្លាស្ទិកផ្តេសផ្តាស និងកុំនេសាទខុសច្បាប់ និងកុំនេសាទក្នុងរដូវត្រីពងកូន»។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ ក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីក្នុងកម្មវិធីដំណើរផ្សងព្រេង របស់មេគង្គយុវទូតក្រោមប្រធានបទ«អច្ឆរិយភាពនៃទន្លេមេគង្គ»ដែលបានប្រារព្ធធ្វើឡើងនៅអគារតាំងពិព័រណ៌
កូរ៉េក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នផ្សេងទៀត សិស្សនិស្សិតនិងសាធារណជនសរុបជិត ១ ០០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពី សារៈសំខាន់នៃទន្លមេគង្គ និងផែនការនៃការអភិរក្សនិងអភិវឌ្ឍទន្លេមេគង្គ ព្រមទាំងវិធានការដោះស្រាយ មួយចំនួនចំពោះមុខនៃបញ្ហាប្រឈមដូចជាការរិចរិលនៃបរិស្ថាន កត្តាប្រែប្រួលអាកាសធាតុ ការបំពុលទន្លេ ដោយថង់ប្លាស្ទិក ឬសារធាតុពិលដែលកើតចេញមកពីការប្រើប្រាស់ថ្នាំពុលកសិកម្ម។