ជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររវាងឯកឧត្តម ងួន ម៉េងតិច និងបណ្ឌិត អ៊ឹង ឃាង


នារសៀលថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ បណ្ឌិត អ៊ឹង ឃាង ក្រុមប្រឹក្សានាយក ក្រុមហ៊ុន អ៊ឹង ឃាង គ្រុប និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសមដល់ឯកឧត្តម ងួន ម៉េងតិច និងសិក្សាស្វែងយល់ពីសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាពិភាក្សាពីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ លោក បណ្ឌិត ក៏បានលើកឡើងថា លោកបណ្ឌិតនឹងដឹកនាំធុរជនថៃចំនួន៤០ក្រុមហ៊ុនមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីសេដ្ឋកិច្ចប្រទេសកម្ពុជា និងចាប់ដៃគូពាណិជ្ជកម្ម ដោយលោកបណ្ឌិតបានស្នើសុំសភាពាណិជ្ជកម្ពុជាក្នុងការរៀបចំជំនួបពាណិជ្ជកម្មរវាងធុរជនថៃ និងកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ងួន ម៉េងតិច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះការស្នើសុំរបស់លោកបណ្ឌិត ក្នុងការរៀបចំជំនួបពាណីជ្ជកម្មនាពេលខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។