កិច្ចប្រជុំពិភាក្សាលើការងាររៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ ឆ្នាំ២០១៩


ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ដោយមានការចូលរួមពីថា្នក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររៀបចំរបស់អនុគណៈកម្មការនីមួយៗ និងដោះស្រាយបញ្ហាមួយចំនួនដែលអនុគណៈកម្មការនីមួយៗជួបប្រទះ សំដៅធ្វើយ៉ាងណាឱ្យការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍នេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាខ្ពស់តាមការរំពឹងទុក។

សូមបញ្ជាក់ថា៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ដោយមានកីឡាករ កីឡាការិនីសរុបជាង៤០០នាក់ចូលរួម មកពីប្រទេសទាំង១០ ដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និង ប្រកួតប្រជែងលើវិញ្ញាសារចំនួន១០៥វិញ្ញាសារ។ ការប្រកួតកីឡាហែលទឹកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មការ ក៏ដូចជាអនុគណៈកម្មការនីមួយៗដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ពេលវេលា និងបានបំពេញភារកិច្ចតាមការបែងចែកដោយទំនួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយកិត្តិយសជាតិមួយកម្រិតទៀតក្នុងឆាកអន្តរជាតិ ។